Breaking News

ឯកឧត្ដម ស សុខា ជំរុញសារព័ត៌មាន ទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយស្នាដៃរាជរដ្ឋាភិបាល

ភ្នំពេញ ៖ មានប្រសាសន៍ក្នុងអង្គពិធី បើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ឯកឧត្តម ស សុខា ប្រធានកិត្តយស សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានជម្រុញដល់សារព័ត៌មានទាំងអស់ ជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយ និង ផ្សព្វផ្សាយពីស្នាដៃរាជរដ្ឋាភិបាល ដែលខិតខំប្រឹងប្រែងដើម្បីប្រទេសជាតិ ។

ឯកឧត្តមក៏បានលើកឡើង ពីទិដ្ឋភាពជុំវិញពិភពលោក សម្រាប់ប្រទេសមួយចំនួន បានរងគ្រោះដោយសារការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បង្កជាគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ ឬអាចក្លាយជាសង្គ្រាមក៏មាន ។ជាមួយគ្នានេះ សម្រាប់ប្រទេសយើង ក៏មានក្រុមជ្រុលនិយមមួយចំនួន បានព្យាយាម បង្កើតព័ត៌មានក្លែងក្លាយ ផ្សព្វផ្សាយឱ្យមហាជន មានការយល់ខុស និងយល់ច្រឡំ មកលើបុគ្គលឬមកលើ រាជរដ្ឋាភិបាល ។

ក្នុងន័យនេះ អ្នកសារព័ត៌មានទាំងអស់ ពិតជាមានតួនាទីដ៏សំខាន់ ក្នុងការចូលរួមទប់ស្កាត់ នូវព័ត៌មានក្លែងក្លាយ ដោយផ្សព្វផ្សាយនូវព័ត៌មានពិត ច្បាស់លាស់ និងផ្សព្វផ្សាយពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ផ្សព្វផ្សាយពីស្នាដៃផ្សេងៗ ដើម្បីជាកិច្ចតបស្នងនិងជាសច្ចៈភាពនៅក្នុងសង្គមជាតិ ។ សច្ចៈភាពដែលជាប្រវត្តិសាស្រ្តមិនអាចប្រកែកបាន គឺថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានជួយប្រជាជនកម្ពុជា រួចផុតពីរបបដ៏ខ្មៅងងឹត និងដឹកនាំប្រទេសពីបាតដៃទទេ រហូតមានសន្តិភាពនិងការអភិវឌ្ឍន៍ មកទល់សព្វថ្ងៃនេះ ។

ជាមួយគ្នានេះ ឯកឧត្តម ស សុខា ក៏បានស្នើដល់សារព័ត៌មានទាំងអស់ គោរពឱ្យបាននូវក្រមសីលធម៌ វិជ្ជាជីវៈ និងច្បាប់ស្ដីពីរបបសារព័ត៌មាន និងជួយផលិតផ្សព្វផ្សាយ ពីការអប់រំស្ដីពី គ្រោះថ្នាក់ចរាចរ គ្រោះថ្នាក់ដោយសារគ្រឿងញៀន និងចូលរួមដាំដើមឈើឱ្យបានច្រើនតាមលទ្ធភាព ។ សម្រាប់ការដាំដើមឈើ នៅឯខេត្តបន្ទាយ មានជ័យ តាមទិសដៅក្នុងឆ្នាំ២០២៣នេះ ឯកឧត្ដមនឹងជម្រុញដាំឱ្យបាន១០ម៉ឺនដើម ។

ឯកឧត្តម ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបានមាន ប្រសាសន៍ថា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យហៅកាត់ថា IPA ជាសមាគមក្រៅរដ្ឋាភិបាល បង្កើតឡើង ដោយក្រុមយុវជនជាបញ្ញាវន្តខ្មែរ និងក្រុមអ្នកមានអាជីព បទពិសោធលើវិស័យសារព័ត៌មាន ជាច្រើនឆ្នាំ ជាពិសេសជាក្រុមយុវជនដែលស្រលាញ់ការងារសង្គម មនុស្សធម៌ សាសនា អប់រំ កីឡា សិល្បៈវប្បធម៌ វិស័យសារព័ត៌មាន និងការងារអភិវឌ្ឍធនធានមនុស្ស ។

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បង្កើតឡើងក្នុងគោលបំណងដើម្បីចងក្រង អង្គភាពសារសារព័ត៌មាន និងកៀរគរអ្នកសារព័ត៌មាន សិស្ស និស្សិត យុវជន ពលរដ្ឋ រួមគ្នាពង្រឹង គុណភាព នៃការផ្សព្វផ្សាយនៅកម្ពុជា ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការអនុវត្ត ច្បាប់ស្តីពីរបបសារព័ត៌មាន បណ្តុះបណ្តាលជំនាញសារព័ត៌មាន ផ្សព្វផ្សាយនូវសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ផ្សព្វផ្សាយនិងជំរុញគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផ្សព្វ ផ្សាយសមិទ្ធផលនានារបស់ថ្នាក់ក្រោមជាតិ និងចូលរួមអភិវឌ្ឍប្រទេសជាតិ អោយតែរីកចម្រើន ក្រោមដំបូលនៃសន្តិភាពតែមួយ ៕ដោយ៖ សិរី នាគ

Check Also

អយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់មនុស្ស១១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១២០គីឡូក្រាម

Leave a Reply

Your email address will not be published. Required fields are marked *