ភ្នំពេញ ៖ ឯកឧត្តម អ៊ូ វណ្ណា ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំដំណើរការអង្គសន្និបាតទាំងមូល ដើម្បីពិនិត្យ និងអនុម័តលើការងារសំខាន់ៗមួយចំនួនដូចជា ៖ ទី១. ពិនិត្យនិងអនុម័តលើរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២២ ដែលអានដោយលោក គង់ សារិទ្ធិ អគ្គលេខាធិការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ទី២. ពិនិត្យនិងអនុម័តលើការកែសម្រួលបទបញ្ជាផ្ទៃក្នុង ដែលអានដោយលោក ប៉ែត ចាន់រដ្ឋា អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ទី៣. ពិនិត្យនិងអនុម័តលើការធ្វើវិសោធនកម្មលក្ខន្តិកៈ ដែលអានដោយលោកបណ្ឌិត ព្រាប នូរ៉ា អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងទី៤. ពិនិត្យនិងអនុម័តលើផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ (២០២៣-២០២៨) ដែលអានដោយលោក ហ៊ាង សុភក្តិ ប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្ស។ ជាលទ្ធផលអង្គសន្និបាត បានអនុម័តលើចំណុចទាំង៤ ខាងលើ ដោយសំលេងគាំទ្រ នៃអង្គសន្និបាតទាំងមូល។
បន្ទាប់មក អង្គសន្និបាត ក៏បានបន្តការធ្វើបទអន្តរាគមន៍លើប្រធាន ចំនួន ៣ រួមមាន ៖ ប្រធានបទទី១ “តើសមាគមត្រូវមានយន្តការអ្វីខ្លះក្នុងការកៀរគរអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន ចូលជាសមាជិក? ដែលធ្វើបទអន្តរាគមន៍ដោយលោកបណ្ឌិត ព្រាប នូរ៉ា ប្រធានបទទី២ “តើសមាគមត្រូវចូលរួមយ៉ាងណាខ្លះ ដើម្បីពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា? ដែលធ្វើបទអន្តរាគមដោយលោក សំ នឿន និងប្រធានបទទី៣. តើសមាគមត្រូវចូលរួមយ៉ាងណាខ្លះ ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយនៅកម្ពុជា? ដែលធ្វើបទអន្តរាគមន៍ដោយលោក ប៊ិន ប៊ុណ្ណា ។
ជាបន្តបន្ទាប់ សមាជិក សមាជិកានៃអង្គសន្និបាត ក៏បានឡើងមានមតិចូលរួមលើប្រធានបទទាំង៣ ខាងលើ យ៉ាងផុសផុល និងទទួលបានធាតុចូលជាច្រើន សម្រាប់យកទៅដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពផងដែរ។
ជាចុងក្រោយឯកឧត្តម អ៊ូ វណ្ណា និងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ក៏បានធ្វើការបូកសរុប និងផ្តល់អនុសាសន៍ជូនដល់អង្គសន្និបាត ពិសេសថ្នាក់ដឹកនាំសមាគមរាជធានី ខេត្ត យកទៅអនុវត្ត ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពដែលបានដាក់ចេញ។
សូមបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ប្រព្រឹត្តទៅពេញ ១ថ្ងៃ គឺនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាភ្នំពេញ ដែលពិធីបើកក្រោមអធិបតីភាពឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងពិធីបិទក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលមានថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ចូលរួមចំនួន ៥៦០អង្គ/នាក់៕ដោយ៖ សិរី នាគ