Breaking News

ព្រះមហាក្សត្រ កោតសរសើររដ្ឋសភាទំាងលើតួនាទីអនុម័តច្បាប់ និងការចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមណ្ឌល

ភ្នំពេញ៖ រដ្ឋសភា បានបើកសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនសម័យប្រជុំរដ្ឋសភា ដោយព្រះអង្គបានសម្តែងហឬទ័យសោមនស្សរីករាយ ដោយបានឃើញថា ជិត៣០ឆ្នាំកន្លងមកនេះ គឺចាប់ពីការបោះឆ្នោតទូទៅឆ្នាំ ១៩៩៣មក ប្រជាជាតិកម្ពុជាយើងសម្រេចបានការថែរក្សា ការពង្រឹង ការគោរពរបបរាជានិយម ប្រជាធិបតេយ្យ សេរីពហុបក្ស ព្រមទំាងបានអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ព្រះករុណាជាអម្ចាស់បានកោតសរសើរថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងជនរួមជាតិគ្រប់រូប ដែលបានខិតខំយ៉ាងស្វាហាប់ក្នុងការបំពេញរាល់ភារកិច្ចរៀងៗខ្លួន ជាហេតុនាំឱ្យកើតមាននូវសមិទ្ធផលដ៏ធំធេងហួស ពីការស្មានក្នុងពេលបច្ចុប្បន្ន។

ព្រះអង្គ បានកោតសរសើររដ្ឋសភា ដែលបានអនុម័តច្បាប់សំខាន់ៗបានចំនួន ១០៩ នៅក្នុងនីតិកាលទី៦នេះ ដែលជាឧបករណ៍បំពេញបន្ថែមទៅលើច្បាប់ ដែលបានអនុម័តរួច នៅនីតិកាល មុនៗ និងជាការបំពេញបន្ថែមដ៏មានសារ សំខាន់បំផុត ដែលធានានូវនិរន្តរភាពនៃដំណើរឈាន ឡើងនិងកែលម្អលទ្ធិប្រជាធិបតេយ្យអាស្រ័យធម្មនុញ្ញរបស់យើង។

ក្រៅពីការតាក់តែងច្បាប់ខាងលើថ្នាក់ដឹកនាំរដ្ឋសភា ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋ សភា លោកកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១ លោកស្រីកិត្តិសង្គហបណ្ឌិត អនុប្រធានទី២ ព្រមទាំងសមាជិកសមាជិការដ្ឋសភាទំាងអស់ បានខិតខំយកអស់កម្លាំងកាយចិត្ត ចុះសួរសុខទុក្ខប្រជាពល រដ្ឋនៅតាមមណ្ឌល ដែលខ្លួនទទួលខុសត្រូវយ៉ាងសស្រាកសស្រាំ និងបាននាំយកនូវសំណូមពរនិងក្តីកង្វល់របស់ប្រជាពល រដ្ឋរួមគ្នាដោះស្រាយទៅ តាមនីតិវិធីបានយ៉ាងល្អប្រសើរ។

ជាមួយគ្នានេះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះរដ្ឋសភា និងរាជរដ្ឋាភិបាលដែលបានបំពេញតួនាទីយ៉ាងធំធេង ក្នុងនាមព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំធំៗនានាកន្លងទៅនេះ ជាអាទិ៍កិច្ចប្រជុំកំពូលអាស៊ាន មហាសន្និបាតអន្តរសភាអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត។ ភាពជោគជ័យដ៏មហោឡារិកនេះ គឺបាននាំមកនូវកិត្យានុភាពជូនជាតិមាតុ ភូមិនៅលើឆាកអន្តរជាតិ ជាពិសេសការពង្រឹងពង្រីកវិស័យការទូត កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តឱ្យកាន់តែទូលំទូលាយនិងគ្រប់ជ្រុងជ្រោយ។

ព្រះអង្គ បានកោតសរសើរចំពោះទេពកោសល្យនៃការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំដោះស្រាយដោយជោគជ័យនូវភាពលំបាកផ្ទួនៗឥតឈប់ឈរជាច្រើន ជាក់ស្តែងការស្តារសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិនៃជំងឺកូវីដ១៩ និងបេសកកម្មសំខាន់ៗលើការងារថែរក្សា សន្តិភាព ឯករាជ្យជូនប្រទេសជាតិនិងជូនប្រជាពលរដ្ឋបានរស់ នៅដោយស្មើភាព ស្មើសិទ្ធិ និងសុខដុមបរមនា។

ឆ្លៀតនៅក្នុងឱកាសនោះ ព្រះករុណាជាអម្ចាស់ ក៏បានប្រគេនពរជូនដល់ជនរួមជាតិទំាងអស់ នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ បានប្រកបដោយសុខភាពល្អ សុភមង្គល សិរីសួស្តី គ្រប់ក្រុមគ្រួសារ និងត្រៀមលក្ខណៈចូលរួមបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៧ នាពេលខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា៕SRN

Check Also

កំហុសទិន្នន័យអ្វីខ្លះក្នុងបញ្ជីអត្រានុកូលដ្ឋាន ដែលលោកអ្នក អាចកែបានដោយមិនចាំបាច់ទៅដល់តុលាការ?

Leave a Reply

Your email address will not be published. Required fields are marked *