Breaking News

រាជរដ្ឋាភិបាលកម្ពុជា នឹងអនុម័តផែនការទសវត្សរ៍សុវត្ថិភាពចរាចរណ៍ ជាផែនទីបង្ហាញផ្លូវមួយដ៏មានសារៈសំខាន់ ក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ប្រធានអង្គការ ILO ប្រចាំកម្ពុជាថា ក្នុងពេលឆាប់ៗខាងមុខ រាជរដ្ឋាភិបាលកម្ពុជា នឹងអនុម័តនូវផែនការទសវត្សរ៍សុវត្ថិភាពចរាចរណ៍ ដែលនេះជាផែនទីបង្ហាញផ្លូវមួយដ៏មានសារៈសំខាន់ ក្នុងទិសដៅពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងដូចនេះ ក្នុងពេលទទួលជួប លោក Graeme Buckley ប្រធានអង្គការ ILO(International Labour Organization) ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ សម្ដេចក៏បានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងតែរៀបចំនូវសេចក្ដីព្រាងស្ដីពី ច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ ដើម្បីឆ្លើយតបឲ្យបានសមស្របទៅនឹងការវិវឌ្ឍប្រែប្រួលនៃស្ថានភាពសង្គមរបស់កម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានស្វាគមន៍ និងថ្លែងអំណរគុណអង្គការ ILO ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការជួយគាំទ្រដល់កម្ពុជា តាមរយៈការអនុវត្តគម្រោងនានា ជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក្នុងវិស័យស្ថិតក្រោមក្រសួងមហាផ្ទៃ ក៏មានកិច្ចការសំខាន់ៗ ដូចជាការគាំទ្រដល់ការងារទេសន្តរប្រវេសន៍ និងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាដើម។
សម្តេចក្រឡាហោម ក៏បានប្រាប់ទៅលោកប្រធាន ILO ថា សម្ដេច ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ត្រៀមខ្លួនជានិច្ចក្នុងការបន្តនូវកិច្ចសហប្រតិបត្តិការដ៏ល្អនេះជាមួយនឹងអង្គការ ILO លើគម្រោងដែលមានស្រាប់រវាងភាគីទាំងពីរ ក៏ដូចជាគម្រោងនានា ក្នុងឱកាសនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។

ជាការឆ្លើយតប លោក Graeme Buckley ប្រធានអង្គការ ILO ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាមកលើបេសកកម្មរបស់អង្គការ ILO នៅកម្ពុជា និងបានជម្រាបជូនថា គិតមកដល់ពេលនេះ ទំនាក់ទំនងកិច្ចសហប្របត្តិការរវាងលោកជាមួយកម្ពុជា ជាកិច្ចសហប្រតិបត្តិការយូរអង្វែងមួយដែលមានរយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ។

លោកបានអរគុណចំពោះ ភាពជាដៃគូដ៏ល្អនេះ ដែលមានជាច្រើនទសវត្សរ៍កន្លងមក និងបានជម្រាបជូនសម្ដេចផងដែរថា បច្ចុប្បន្នអង្គការ ILO មានកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពមួយចំនួនជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយចំពោះកិច្ចការស្នូលរបស់អង្គការគឺ ធ្វើការងារពាក់ព័ន្ធទៅនឹងវិស័យការងារស្ថិតក្រោមសមត្ថកិច្ចក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយគាំទ្រដល់ការលើកកម្ពស់លក្ខខណ្ឌការងារក្នុងវិស័យការងាររោងចក្រកាត់ដេរក៏ដូចជារោងចក្រ ផលិតលិតផលវាយនភណ្ឌដទៃទៀត។

ចំពោះការងារសុវត្ថិភាពផ្លូវថ្នល់ ដូចសម្ដេចក្រឡាហោម បានលើកឡើងនោះ លោកប្រធានអង្គការក៏បានជម្រាបជូនសម្ដេចដែរថាអង្គការ ILO ក៏មានគម្រោងមួយដែលគាំទ្រដល់ការងារលើកកម្ពស់សុវត្ថិភាពផ្លូវថ្នល់ គឺការពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនកម្មករតាមបណ្ដារោងចក្រ ដែលគម្រោងរបស់អង្គការគឺ ធ្វើយ៉ាងណាលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពផ្លូវថ្នល់ក្នុងការដឹកជញ្ជូនកម្មករដោយប្រើមធ្យោបាយប្រកបដោយសុវត្ថិភាព។

សម្ដេចក្រឡាហោម បានអរគុណចំពោះអង្គការ ILO ដែលបានគាំទ្រតាមរយៈគម្រោងផ្សេងៗដល់ការលើកកម្ពស់សមត្ថភាពផ្លូវថ្នល់។ សម្ដេចសង្ឃឹមជឿជាក់ថា ផ្អែកលើមូលដ្ឋាននៃលិខិតបទដ្ឋានគតិយុត្តិទាំងនេះ អង្គការ ILO នឹងនៅតែបន្តជួយគាំទ្របន្ថែមទៀតទៅដល់ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងវិស័យដទៃទៀតដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជា៕SRN

Check Also

ហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

Leave a Reply

Your email address will not be published. Required fields are marked *