Breaking News

សម្តេចតេជោ ហ៊ុន សែន បង្ហាញក្តីសង្ឃឹមថា ពិភពលោកនឹងរកវិធីគ្រប់គ្រងសេដ្ឋកិច្ច កុំឲ្យវាធ្លាក់ចុះបន្ថែម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីសង្ឃឹមថា «ពិភពលោក នឹងរកវិធីគ្រប់គ្រងសេដ្ឋកិច្ច កុំឲ្យវាធ្លាក់ចុះបន្ថែម»។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ធនាគារពិភពលោក បានចេញមុខព្រមានពីហានិភ័យពីការធ្លាក់ចុះសេដ្ឋកិច្ចសកលម្តងហើយម្តងទៀត ដែលខ្ញុំគិតថា ការព្រមានជាការត្រឹមត្រូវហើយ ក៏ប៉ុន្តែការព្រមាននោះបានក្លាយទៅជាចិត្តសាស្ត្រមួយដែរសម្រាប់ប្រទេស ជាពិសេសប្រជាពលរដ្ឋដែលភ័យព្រួយនាំគ្នាទៅដកលុយពីធនាគារ»។

សម្តេចតេជោបញ្ជាក់ថា «ធនាគារអាមេរិករលំក្ស័យធនមួយចំនួនរួចហើយ ដែលការទៅដកលុយចេញពីធនាគារ ទៅដកចេញច្រើនពេកធនាគារច្បាស់ជាដួល»។ សម្តេចបានបញ្ជាក់បន្តថា «កម្ពុជាមិនទាន់ដល់កម្រិតប៉ុណ្ណឹងទេ បើទោះបីជាមានការព្រមានអំពីការធ្លាក់ចុះ នៃសេដ្ឋកិច្ចសកល »។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា «រឿងទាក់ទងទៅនឹងបញ្ហាទណ្ឌកម្មជាឯកតោភាគីបូកជាមួយនឹងបញ្ហាសង្គ្រាមដែលចាប់ផ្តើមពីរុស្ស៊ី និងអ៊ុយក្រែនបានបង្កើតទៅជាស្ថានភាពមិនល្អសម្រាប់សេដ្ឋកិច្ចសកល»៕SRN

About srn tv

Check Also

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sao LyChhing និងគណនីតិកតុក (Tik Tok) ឈ្មោះ JChingCEO សំឡីផ្កា (@ching999) ត្រូវបានគេប្តឹងទៅប៉េអឹមក្រុង ពីបទ ញុះញង់ឱ្យមានការរើសអើង និង អំពើនៃការប្រកួតប្រជែងមិនស្មោះ

Leave a Reply

Your email address will not be published. Required fields are marked *