សៀមរាប៖ កម្ពុជានឹងបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» នៅបរិវេណប្រាសាទអង្គរវត្តវេលាម៉ោង ៤រសៀល នៅថ្ងៃស្អែកទី១១ ខែមេសា ឆ្នាំ២០២៣។
កម្ពុជាបត់បេះដូងក្រដាសចំនួន ១លានចម្រុះពណ៌ដោយដោតចង្កាក់បង្ហាញនៅបរិវេណប្រាសាទអង្គរវត្តដ៏ស្រស់ស្អាត មិនត្រឹមតែសម្រាប់បំបែកឯតទគ្គកម្មពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែបេះដូងក្រដាសនេះគឺចង់បង្ហាញនូវក្តីស្រឡាញ់ពលរដ្ឋជូនដល់កីឡាករដែលពិការភាពខិតខំហ្វឹកហាត់តំណាងជាតិមាតុភូមិ។ បន្ថែមពីនេះ គឺដើម្បីអបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំលើកដំបូងនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។
នៅឆ្នាំ២០២៣ ដែលចំខួប ១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត កម្ពុជាបានរៀបចំយុទ្ធនាការបត់បេះដូងក្រដាសច្រើនជាងគេ និងរាំម៉ាឌីហ្សូនដើម្បីបំបែកឯតទគ្គកម្មពិភពលោក Guiness World Records។
គូសរំលឹកថា នៅក្នុងព្រឹត្តិការណ៍អង្គរសង្រា្កន្តឆ្នាំ២០១៥ កម្ពុជាបានបំបែកឯកត្តកម្មពិភពលោក Guiness World Records រាំម៉ាឌីហ្សូនដែលមានអ្នករាំសរុបជាង ២ ០១៥នាក់ និងនំអន្សមយក្សដែលមានទម្ងន់ ៤តោន។
នៅក្នុងឆ្នាំ២០១៧ កម្ពុជាក៏បានបំបែកកំណត់ត្រាពិភពលោក លើចាប៉ីដងវែងយក្សដែលមានប្រវែង ៧,៧០ម៉ែត្រ ហើយនៅឆ្នាំ២០១៨ កម្ពុជាក៏បានបំបែកកំណត់ត្រាពិភពលោកចំនួន ២ទៀត ក្នុងនោះគឺទូកងវែងជាងគេលើពិភពលោក ដែលមានប្រវែង ៨៧,៣ម៉ែត្រ និងក្រមាយក្សវែងជាងគេដែលមានប្រវែង ១ ៤៤៩ម៉ែត្រ៕ដោយ៖ សិរី នាគ