ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជំរុញឱ្យមានការគិតគូរលើការផលិតផលិតផលក្នុងស្រុកសម្រាប់ប្រជាជនកម្ពុជា និងមួយផ្នែកទៀតចែកចាយតាមទីតាំងទេសចរណ៍។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះដោយជំរុញដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណាធ្វើឱ្យប្រជាជនកម្ពុជាទទួលបានផលិតផលក្នុងស្រុកដែលកែច្នៃដោយសហគ្រាសក្នុងស្រុក និងមួយផ្នែកទៀតត្រូវនាំចេញផលិតផលទាំងនោះទៅតាមទីតាំងទេសចរណ៍។
សម្ដេចតេជោ ហ៊ុនសែន បានលើកឡើងបែបនេះដោយពិនិត្យឃើញការរីកលូតលាស់នៃវិស័យទេសចរណ៍កម្ពុជាដែលជាឱកាសនៃការនាំផលិតកម្ពុជាឱ្យបរទេសបានស្គាល់។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងជំរុញការស្វែងរកទីផ្សារ និងរក្សាទីផ្សារកម្ពុជាដើម្បីកសិករ និងការរីកចម្រើនរបស់ប្រទេស។
សម្ដេចថ្លែងថា, បើទោះបីកម្ពុជាបច្ចុប្បន្នមានទីផ្សារ RCEP ទីផ្សារពាណិជ្ជកម្មសេរីជាមួយចិន និងទីផ្សារពាណិជ្ជកម្មសេរីជាមួយកូរ៉េក្ដីក៏កុំភ្លេចទីផ្សារប្រទេសជិតខាងដែលរួមមានថៃ ឡាវ វៀតណាម ដើម្បីរក្សាលំនឹងសេដ្ឋកិច្ចទីផ្សារសម្រាប់ប្រជាកសិករកម្ពុជា។
សម្ដេចតេជោបញ្ជាក់ថា បើគ្មានទីផ្សារទេកម្ពុជាមិនអាចជំរុញកសិកម្ម និងការកែច្នៃបានទេ។
សម្តេចតេជោ ហ៊ុន សែន បានជំរុញដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមសហគ្រាសធនតូច និងមធ្យម និងមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធនតូច និងធម្យមនៅកម្ពុជា និងដើម្បីវាយតម្លៃសេចក្ដីត្រូវការ អភិវឌ្ឍសមត្ថភាពជំនាញ សហគ្រាសធនតូច និងធម្យម សម្របតាមតម្រូវការជាក់ស្ដែងដែលសហគ្រាសបាននឹងកំពុងជួបប្រទះ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្របខណ្ឌជំនួបជាមួយ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃនេះ គឺជាជំនួបរវាងរដ្ឋាភិបាល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នេះបើនិយាយឱ្យធំទូលាយ។ ដូច្នេះសម្ដេចតេជោបានជំរុញឱ្យ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា យកចិត្តទុកដាក់ជំរុញការកែច្នៃផលិតផលដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា ជាពិសេស សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ដែលពាក់ព័ន្ធនឹងការកែច្នៃ ចំណីអាហាររបស់កម្ពុជាតែម្ដង ៕SRN