Breaking News

លោក ទៀ សីហា៖ ត្រកូល «ទៀ» គ្មានមហិច្ឆិតាប្រជែងតំណែងជានាយករដ្ឋមន្ត្រី នោះទេ

សៀមរាប៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានអះអាងថា ត្រកូល «ទៀ» របស់លោក មិនមានមហិច្ឆិតាប្រជែងតំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ដូចការលើកឡើងរបស់អ្នកនយោបាយ និងសារព័ត៌មានបរទេសមួយចំនួនលើកឡើងនោះទេ។

លោក ទៀ សីហា បានលើកឡើងថា កាលពីប៉ុន្មានថ្ងៃមុន មានអ្នកនយោបាយចាស់វស្សាម្នាក់រស់នៅប្រទេសបារាំង និងសារព័ត៌មានបរទេសមួយ បានសរសេរថា សម្តេចពិជ័យសេនា ទៀ បាញ់ មានបំណងចង់ឲ្យកូនប្រុសម្នាក់របស់សម្តេចដែលកំពុងកាន់តួនាទីជាអភិបាលខេត្តសៀមរាប ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន ជំនួសលោក ហ៊ុន ម៉ាណែត។ លោក បន្តថា ចាប់តាំងពីតូចដល់ធំដឹងក្តី នៅពេលទទួលទានអាហារជុំគ្នា សម្តេចពិជ័យសេនា ទៀ បាញ់ តែងតែទូន្មានកូនចៅ ឲ្យគោរពគាំទ្រការពារ សម្តេចតេជោ ហ៊ុន សែន ដល់អស់ដង្ហើមរៀងៗខ្លួន។ ជាមួយគ្នានេះ ចំពោះបេក្ខជនបន្តវេននាយករដ្ឋមន្ត្រី របស់លោក ហ៊ុន ម៉ាណែត ក៏ជាកាគាំទ្រយ៉ាងពេញទំហឹងពី ក្រុមគ្រួសារត្រកូល«ទៀ» និងគណបក្សប្រជាជនកម្ពុជាផងដែរ។ លោកថាដូច្នេះគ្មានហេតុផលណា ដែលសម្តេចពិជ័យសេនា ជំទាស់នឹងការសម្រេចចិត្តមួយនេះទេ។

ទន្ទឹមនឹងនេះ លោក ទៀ សីហា ក៏បានប្រកាសអំពីការគាំទ្រយ៉ាងពេញទំហឹង ចំពោះបេក្ខភាពនាយករដ្ឋមន្ត្រីអាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់របស់សម្តេចតេជោ និងគាំទ្រពេញទំហឹងចំពោះបេក្ខជនបន្តវេននាយករដ្ឋមន្ត្រី របស់លោក ហ៊ុន ម៉ាណែត។

សូមជម្រាបជូនថា ការអះអាងបែបនេះ របស់លោក ទៀ សីហា បានធ្វើឡើងនៅចំពោះមុខ នាយទាហាន នាយទាហានរង ពលទាហាន កងពលតូចអន្តរាគមន៍លេខ៥នៃកងពលធំអន្តរាគមន៍លេខ២ប្រចាំទិសទី៣ ឈរជើងនៅ ក្នុងភូមិសាស្រ្តស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ និងនាយទាហាន នាយទាហានរង ពលទាហាន ប្រចាំសមរភូមិមុខយោធភូមិភាគទី៤ ប្រចាំទិសទី២ និង អង្គភាពវរសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករងសៀមរាប ឈរជើងតំបន់អូរកូនតឹង ស្ថិតភូមិត្រពាំងក្រសាំង ឃុំ ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប កាលពីនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញ ចុះសួរសុខទុក្ខកងទ័ពប្រចាំសមរភូមិមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *