Breaking News

ឯកឧត្តម គួច ចំរើន ទទួលជួបការសម្តែងការគួសម និងពិភាក្សាការងារជាមួយឯកឧត្តម Saleumxay KHOMMSITH

ខេត្តព្រះសីហនុ៖ នាល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជួបការសម្តែងការគួសម និងពិភាក្សាការងារជាមួយឯកឧត្តម Saleumxay KHOMMSITH ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន នៅសណ្ឋាគារសុខា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍គណៈប្រតិភូឡាវ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនមកទស្សនកិច្ចនៅខេត្តព្រះសីហនុ ព្រមទាំងបានជំរាបជូនពីសក្តានុពលរបស់ខេត្តព្រះសីហនុ។ រាជរដ្ឋាភិបាលចាត់ទុកខេត្តព្រះសីហនុ ជាតារារះ “នាទិសនាតី” ផ្អែកលើសក្តានុពលខេត្តមានកំពង់ផែសមុទ្រទឹកជ្រៅ បច្ចុប្បន្នមានទំនិញកុងតឺន័រប្រមាណ ៧០ភាគរយក្នុងក្របខ័ណ្ឌទូទាំងប្រទេស កំពង់ផែបច្ចុប្បន្នអាចឱ្យនាវាមានជម្រៅទឹក ៩,៥០ម៉ែត្រចូលចតបាន។

រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយក្រុមហ៊ុន JICA ជប៉ុន បានធ្វើការអភិវឌ្ឍកំពង់ផែកជំហានទី១ ទី២ អាចឱ្យនាវាមានជម្រៅទឹក ១៤,៥០ម៉ែត្រចូលចតបាន ធ្វើឱ្យតម្លៃដឹកជញ្ជូនមានការថយចុះ ដើម្បីប្រកួតប្រជែងការដឹក ជញ្ជូនជាមួយប្រទេសជិតខាង រាជរដ្ឋាភិបាល និងបន្តការពង្រីកកំពង់ផែជំហានទី៣ ទី៤ អាចឱ្យនាវាដែលមានជម្រៅទឹកពី១៦ ទៅ ១៧,៥០ម៉ែត្រ ធ្វើឱ្យនាវាដែលចរាចរណ៍នៅលើពិភពលោកចូលចតបានដោយសេរី។ ខេត្តមានព្រលានយន្តហោះបានធ្វើការអភិវឌ្ឍន៍ពង្រីកផ្លូវរត់មានប្រវែង ៣,៣០០ម៉ែត្រ អាចឱ្យយន្តហោះធុនធំចុះចតបាន។ បច្ចុប្បន្នកំពុងបន្តសាងសង់ស្ថានីចេញដំណើរឱ្យកាន់តែមានងាយស្រួល កាលពីមុនកូវីដមាន ការចុះចត ៤០ជើងក្នុងមួយថ្ងៃ ហើយក្រោយកូវីដ ការចុះចតមានការថយចុះ។ ខេត្តមានផ្លូវល្បឿនលឿនទីមួយតភ្ជាប់ពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ ការធ្វើចរាចរណ៍អាចមានរយពេល ១ម៉ោង ៣០នាទី ធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុយ៉ាងច្រើនកុះករនៅចុងសប្តាហ៍ ព្រោះការធ្វើដំណើរតាមផ្លូវជាតិលេខ៤ ប្រើពេលពី៥ ទៅ ៦ម៉ោង។ ផ្លូវដែកមិនទាន់ទំនើបដូចប្រទេសឡាវ ដែលមានផ្លូវដែកល្បឿនលឿនតភ្ជាប់ទៅដល់ប្រទេសចិន និងព្រំដែនកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ក្នុងផែនការរៀបចំដែនដីក្រុងព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣៨ ក្រុងព្រះសីហនុ ជាទីក្រុងស្នូល នៃប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រក្នុងការជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយភាពរស់រវើក ឆ្លាត និងបរិយាបន្ន ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងមជ្ឈមណ្ឌលកំណើនជាតិ រមណីយដ្ឋានឆ្នេរសមុទ្រ និងកោះដែលស្អាតបំផុតលើសាកលលោក រួមជាមួយនឹងការបង្កើតក្រុមការងារបច្ចេកទេស ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ឯកឧត្តម Saleumxay KHOMMSITH ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត ដែលបានទទួលស្វាគមន៍គណប្រតិភូរបស់ឯកឧត្តមនៅលើទឹកដីនៃខេត្តមាត់សមុទ្រ ហើយនេះក៏ជាលើកដំបូងដែលឯកឧត្តម និងគណៈប្រតិភូបានមកកាន់តំបន់សមុទ្រនៃប្រទេសកម្ពុជា យើងមានការភ្ញាក់ផ្អើលរំភើបចំពោះការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ កន្លងមកបានលឺតែគេនិយាយពីការអភិវឌ្ឍរីកចម្រើន តែមកឃើញពិតជាមិននឹកស្មានដល់នៃការរីកចម្រើនរបស់ខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តម អភិបាលខេត្ត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រែក្លាយខេត្តព្រះសីហនុដ៏មានសក្តានុពលមួយ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាបេះដូងនៃការអភិវឌ្ឍរបស់កម្ពុជា យើងបានឃើញសមុទ្រ តែប្រទេសឡាវមិនមានសមុទ្រដូចកម្ពុជា មានតែព្រៃ ព្រមទាំងបានឃើញនូវទេសភាពថ្មីៗជាច្រើនបន្ថែមទៀត ដែលធ្វើឱ្យមកម្តងនេះ និងចង់មកម្តងទៀតនៅពេលសមស្របណាមួយ។

ឯកឧត្តម Saleumxay KHOMMSITH បានថ្លែងអំណរគុណការទទួលស្វាគមន៍ពីឯកឧត្តម អភិបាលខេត្ត យ៉ាងកក់ក្តៅសម្រាប់ដំណើរទស្សនកិច្ចនៅខេត្តព្រះសីហនុ ក្នុងគោលបំណងចូលរួមប្រជុំពាក់ព័ន្ធនឹងព្រំដែន នៃប្រទេសទាំងពីរ ឡាវ កម្ពុជា ហើយប្រតិភូមានតំណាងភាគីពាក់ព័ន្ធបានមកចូលរួម និងបានវាយតម្លៃខ្ពស់ចំពោះការដោះស្រាយព្រំដែនដែលមានសារសំខាន់ណាស់ ព្រោះព្រំដែនមិនមានការឯកភាពគ្នាទេ គឺអនានិគមនិយមបារាំងបែងចែកឱ្យយើង កន្លងមកអនានិគមនិយមបែងចែកឱ្យយើងនៅមិនទាន់ច្បាស់លាស់ ក្រោយប្រទេសយើងទាំងពីរទទួលបានឯករាជ្យ យើងសហការជាមួយគ្នា ដើម្បីធ្វើការដោះស្រាយបោះបង្គោលព្រំដែនឱ្យមានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ខ្ញុំមានមោទនភាព ដោយសារភាគីនៃប្រទេសទាំងពីរបានសហការសម្របសម្រួលសីមាព្រំដែនជិតបានសម្រេចជោគជ័យជាស្ថាពរ ហើយកិច្ចប្រជុំរបស់គណៈកម្មការរបស់យើងជាកិច្ចប្រជុំរៀងរាល់ឆ្នាំ ហើយចំណុចណាដែលនៅសេសសល់យើងនឹងយកមកពិភាក្សាជាមួយគ្នា ដើម្បីធ្វើការដោះស្រាយជាមួយគ្នា សង្ឃឹមថាយើងនឹងសហការជាមួយគ្នាកំណត់ខ្សែ បន្ទាត់ព្រំដែន ៥៣៥គីឡូម៉ែត្រនេះ ឱ្យទទួលបានជោគជ័យជាស្ថាពរ សូមជូនពរឯកឧត្តម ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ប្រជាជនខេត្តព្រះសីហនុ ទទួលបានជោគជ័យការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍសង្គមឱ្យក្លាយជាខេត្តមួយស៊ីវីល័យរុងរឿង មានការរីកចម្រើនបន្ថែមទៀត៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *