ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវអ្នកគាំទ្រកម្ពុជា ផ្តល់នូវភាពការស្វាគមន៍ ប្រកបដោយភាពកក់ក្តៅ និងអនុស្សាវរីយ៍ល្អៗ ខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
លោក ហ៊ុន ម៉ានី អំពាវនាវឱ្យអ្នកគាំទ្រកម្ពុជា ជៀសវាងការបញ្ចេញសកម្មភាព ឬមតិយោបល់លើបណ្តាញសង្គម ដែលអាចប៉ះពាល់ដល់សតិអារម្មណ៍ ឬការមិនពេញចិត្តណាមួយមកលើកម្ពុជា។
លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បញ្ជាក់ថា “ឈ្នះឬចាញ់ក្នុងស្មារតីកីឡាជារឿងធម្មតា តែក្នុងនាមយើងជាម្ចាស់ផ្ទះ យើងគប្បីធ្វើបដិសណ្ឋារកិច្ច និងយកចិត្តទុកដាក់ទទួលមិត្តភក្តិបរទេស ដែលអញ្ញើញមកកម្ពុជាមិនថាជាកីឡាករ គ្រូបង្វឹក ឬអ្នកគាំទ្រណានោះទេ ធ្វើយ៉ាងណាផ្តល់នូវភាពការស្វាគមន៍ ប្រកបដោយភាពកក់ក្តៅ ភាតរភាព និងទទួលបានអនុស្សាវរីយ៍ល្អៗ ខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ”។
លោក ហ៊ុន ម៉ានី បញ្ជាក់ទៀតថា “រឿងរ៉ាវ ដែលនាំឲ្យមានការប៉ះពាល់ ដល់សតិអារម្មណ៍ ឬការមិនពេញចិត្តណាមួយ មកលើកម្ពុជារបស់យើង បែបនេះ ជាអ្វីដែលយើងគួរតែជៀសវាង ឲ្យបានជាដាច់ខាត មិនថាការចូលរួមធ្វើដោយផ្ទាល់ ឬការបញ្ចេញមតិយោបល់ លើបណ្តាញសង្គមនោះទេ”។
លោក សង្ឃឹមជឿជាក់ថា “រឿងហេតុបែបនេះនឹងមិនមានកើតឡើងជាបន្តទៀតនោះទេ ខណៈពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ ទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ទាំងអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣”។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា កម្ពុជា បានខិតខំប្រឹងប្រែងច្រើនណាស់ ទាំងប្រមុខរាជរដ្ឋាភិបាល ទាំងគណៈកម្មការរៀបចំ ទាំងសហព័ន្ធកីឡានានា ទាំងកីឡាករ កីឡាការិនី និងអ្នកចូលរួមទាំងអស់។ ក្នុងន័យនេះ លោកបានអំពាវនាវ ប្រជាពលរដ្ឋខ្មែរ ត្រូវខ្នះខ្នែងប្រឹងប្រែង ចូលរួមដោយសប្បាយរីករាយ ក៏ដូចជាកសាងបាននូវអនុស្សាវរីយ៍ឲ្យបានច្រើន សម្រាប់ខ្លួនឯងផង និងមិត្តភក្តិបរទេសផង៕SRN