Breaking News

លោក ហ៊ុន ម៉ាណែត៖ សម្តេចតេជោ គឺជាមេដឹកនាំប្រកបដោយធម៌ ដែលតែងប្រកាន់យកគោលការណ៍សច្ចធម៌ និយាយពិត ធ្វើពិត និងបម្រើពិត

ពោធិ៍សាត់៖ សម្តេចតេជោ គឺជាមេដឹកនាំប្រកបដោយធម៌ ដែលតែងប្រកាន់យកគោលការណ៍សច្ចធម៌ និយាយពិត ធ្វើពិត និងបម្រើពិត រួមជាមួយនឹងឆន្ទៈបង្រួបង្រួមជាតិ លើកតម្កើងសាមគ្គីភាពជាតិ និងស្រឡាញ់អាណិតប្រជាពលរដ្ឋ ដោយមិនមានការរើសអើងបែងចែក។ លើសពីនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ តែងបានផ្តោតទៅលើការខិតខំអនុវត្ត គោលនយោបាយបម្រើប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរ ដោយព្យាយាមខិតខំកែលម្អចំណុចខ្វះខាតនានា សំដៅធ្វើយ៉ាងណាបន្តពង្រឹងបន្ថែមទៀតនូវលទ្ធភាពក្នុងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ទាំងសមត្ថភាពក្នុងការឆ្លើយតបក្នុងស្ថានភាពគ្រោះវិបត្តិ និងការបន្តកសាងអភិវឌ្ឍជាតិនៅមុខបន្ថែមទៀត។

នេះជាប្រសាសន៍របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបុណ្យឆ្លងព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តហ្លួង ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។

លោកបណ្ឌិត បានសម្តែងនូវមោទកភាព និងអនុមោទនាចំពោះការអភិវឌ្ឍរីកចម្រើនរបស់វត្តហ្លួង ដែលជាទីអារាមដ៏ចំណាស់ ក្នុងដានប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ជាមួយនឹងអាយុកាលប្រមាណជាង ៥០០ ឆ្នាំ ហើយបានឆ្លងកាត់សម័យកាលជាច្រើនជំនាន់ រាប់ចាប់ពីដំណាក់កាលនៃជម្លោះ និងសង្គ្រាមបែកបាក់ រហូតដល់សម័យតេជោ ជាសម័យកាលនៃភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រើន។ សព្វថ្ងៃ សមិទ្ធផលជាច្រើន រួមមាន ព្រះវិហារ, សាលាឆាន់, សារមន្ទីរ, ព្រះវិហារព្រះគោ-ព្រះកែវ, សាលាបាលី, ក្លោងទ្វារ និងរបងវត្ត ជាដើម បានកកើតដុះដាល នៅក្នុងទីអារាមជាទីគោរពសក្ការៈមួយនេះ ក្រោមបរិយាកាសនៃសន្តិភាព ស្ថិរភាព សេរីភាព និងជីវភាពសម្បូរសប្បាយរបស់ប្រជាពុទ្ធបរិស័ទ។

លោក ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យចូលរួមទាំងអស់គ្នាក្នុងការថែរក្សា និងបន្តកសាងសមិទ្ធផលវិជ្ជមានបន្ថែមទៀត ក្រោមបរិយកាសសុខសន្តិភាព និងស្ថិរភាពដែលកំពុងមានសព្វថ្ងៃនេះ ដោយត្រូវដើរចៀសឱ្យផុតពីដានប្រវត្តិសាស្ត្រ នៃសង្គ្រាមបែកបាក់រវាងខ្មែរ និងខ្មែរ ហើយរួមគ្នាជាកម្លាំងមហាសាគ្គី ក្នុងការកសាងអភិវឌ្ឍជាតិ និងការលើកកម្ពស់កិត្យានុភាពជាតិឱ្យកាន់តែខ្ពង់ខ្ពស់ និងល្បីខ្ទរខ្ទារទូទាំងសាកលលោក។

ទន្ទឹមនេះ លោកក៏សូមឲ្យវេញបញ្ចូលគ្នារវាងទ្រឹស្តីសាសនា និងការប្រតិបត្តិឥរិយាបទជាក់ស្តែង ដើម្បីលើកកម្ពស់សច្ចភាព, សុច្ចរិតភាព, កុសលធម៌ ក៏ដូចជាគោលការណ៍សីលធម៌-គុណធម៌ និងការគោរពស្រឡាញ់ឱ្យតម្លៃគ្នាទៅវិញទៅមក ដែលការណ៍នេះ គឺជាភាពចាំបាច់ និងមិនអាចខ្វះបានក្នុងនៅក្នុងសង្គមរស់នៅមួយ ប្រកបដោយភាពសុខដុមរមនាសម្រាប់ទាំងអស់គ្នា៕

Check Also

អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *