កណ្ដាល៖ នៅថ្ងៃទី១៣ ខែឧសភានេះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង គម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា ។
ក្នុងឱកាសនោះលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអានសារលិខិតថ្វាយព្រះពរ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បពិត្រព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាឱកាសដ៏មហានក្ខត្តឫក្សបវរថ្លៃថ្លា នៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់៧០ យាងចូល ៧១ព្រះវស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតប្រជារាស្ត្រទាំងអស់ក្នុងខេត្ត និងក្នុងនាមទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំទូលថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាង ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គមានព្រះបញ្ញាញាណឈ្លាសវៃ ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរគ្រប់រូបយូរអង្វែងតរៀងទៅ៕