ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឲ្យក្រុមកីឡាករ-កីឡាការិនី ដែលមកចូលរួម ប្រកួតកីឡាស៊ីហ្គេម ហើយចង់ទៅទស្សនារមណីយដ្ឋានអង្គរវត្ត មិនចាំបាច់លក់សំបុត្រនោះទេ គឺអនុញ្ញាតឲ្យពួកកាត់ ចូលទស្សនាដោយឥតគិតថ្លៃទេ។
សម្តេចតេជោ ក៏បានប្រកាសឲ្យគណៈប្រតិភូទាំងអស់មកពីប្រទេសជាសមាជិកអាស៊ានដែលដឹកនាំក្រុមកីឡាករ-កីឡាការិនីដែលមកចូលព្រឹត្តិការណ៍ស៊ីហ្គេម ដែលមិនយកលុយនោះ ក៏អាចទៅទស្សនាប្រាសាទអង្គរវត្តបានដែរ ប៉ុន្តែសម្តេចក៏គូស បញ្ជាក់ថា សម្រាប់អ្នកគាំទ្ររបស់ក្រុមកីឡាមកពីប្រទេស ជាសមាជិកអាស៊ាននោះ ដែលចង់ទស្សនាអង្គរវត្តដែរ គឺសុំគិតលុយថ្លៃសំបុត្រ។
ការថ្លែងនេះរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតកសិកម្មជាង ៣ពាន់នាក់ នៅព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។
សូមជម្រាបថា ពិធីបិទបញ្ចប់ការប្រកួតស៊ីហ្គេមលើកទី៣២ នឹងបិទបញ្ចប់នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕ដោយ៖ សិរី នាគ