ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ការរៀបចំធ្វើម្ចាស់ផ្ទះ នៃការប្រកួតស៊ីហ្គេម គឺពិបាកជាងការរៀបចំធ្វើម្ចាស់ផ្ទះ នៃកិច្ចប្រជ៉ំកំពូលអាស៊ាន»។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតកសិកម្មជាង ៣ពាន់នាក់នៅព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំកិច្ចប្រជ៉ំកំពូលយើងពិបាក ការពារសុខសុវត្ថិភាពសម្រាប់ថ្នាក់ដឹកនាំកំពូលៗ មកកាន់កម្ពុជា និងពិបាកនៅក្នុងការរៀបចំឯកសារដែលត្រូវអនុម័ត។ ដោយឡែក សម្រាប់ការរៀបចំធ្វើស៊ីហ្គេម គឺពិបាក ព្រោះប្រទេសមួយមានទាំងប្រតិភូកីឡាក៏អញ្ជើញមក អ្នកគាំទ្រក៏អញ្ជើញមករាប់ពាន់នាក់ ហើយយើងត្រូវថែរក្សាសុខសុវត្ថិភាពជូនពួកគេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំបានទទួលនូវការអរគុណពីប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ានដែលយើងទទួលស្វាគមន៍កីឡាករកីឡាការិនីពីបណ្តាប្រទេសនានា។”
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវការកោតសរសើរចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានធ្វើលើការងារនេះពីដើមរហូតមកដល់ពេល ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែង នូវការកោតសរសើរដល់កម្លាំងសមត្ថកិច្ចទាំងអស់ដែលបានខិតខំរក្សាណ្តាប់ធ្លាប់ និងអរគុណល់ប្រជាពលរដ្ឋដែលបានធ្វើជាម្ចាស់ផ្ទះដ៏ល្អ។ អរគុណកីឡាករកីឡាការិនីដែលបានសម្តែងបានយ៉ាងល្អ។
សូមជម្រាបថា ពិធីបិទបញ្ចប់ការប្រកួតស៊ីហ្គេមលើកទី៣២ នឹងបិទបញ្ចប់នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។ តាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន គោលការណៃ នៃសមាជិកអាស៊ានត្រូវផ្លាស់ប្តូគ្នាធ្វើ២ឆ្នាំម្តង ដូច្នេះជាង២០ឆ្នាំទៀតទើបដល់វេនកម្ពុជាម្តងទៀត៕