Breaking News

សម្តេចតេជោ តែងបានគិតគូរយកចិត្តទុកដាក់ដល់កម្មករ-និយោជិត និងនិយោជកទាំងអស់ តាមរយៈការធានានូវបរិស្ថានអំណោយផល នៃសុខសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបៀបបានទៅនឹងមាតាបិតា ដែលតែងខិតខំបង្កលក្ខណៈគ្រប់យ៉ាង ដើម្បីឱ្យកូនៗមានគ្រួសារកក់ក្តៅ និងសុខដុមរមនា ព្រមជាមួយនឹងឱកាសចម្រុងចម្រើនផ្នែកជីវភាព។

ក្នុងទិសដៅនេះ, រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ, យុទ្ធសាស្ត្រ និងភាពប៉ិនប្រសប់របស់ សម្តេចតេជោ តែងបានគិតគូរយកចិត្តទុកដាក់ដល់កម្មករ-និយោជិត និងនិយោជកទាំងអស់ តាមរយៈការធានានូវបរិស្ថានអំណោយផល នៃសុខសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច ព្រមទាំងការផ្តល់នូវការគាំទ្រ លើកទឹកចិត្តដល់វិស័យឯកជន តាមគ្រប់លទ្ធភាព ដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបាន នូវវឌ្ឍនភាពកាន់តែប្រសើរ ជូនសង្គមជាតិ និងការបង្កើតឱកាសការងារល្អៗកាន់តែច្រើន សម្រាប់ប្រជាពលរដ្ឋ។

ក្នុងន័យនេះ លោកបណ្ឌិត បានអំពាវនាវដល់វិនិយោគិន បន្តជឿទុកចិត្តលើកម្ពុជា និងបន្តពង្រឹងសក្តានុពល ដើម្បីទាញយកផលប្រយោជន៍ ពីបរិយាកាសប្រកបដោយភាពអនុគ្រោះ សម្រាប់ឱកាសអាជីវកម្ម និងការវិនិយោគដ៏សម្បូរបែប។

ប្រសាសន៍របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើង ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល និងប្រធានផ្នែក នៃរោងចក្រ-សហគ្រាស នៅសាលមហោស្រពកោះពេជ្រ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

លោក ហ៊ុន ម៉ាណែត បានកោតសរសើរដល់ប្រធានរដ្ឋបាល និងប្រធានផ្នែក នៅតាមបណ្តារោងចក្រ-សហគ្រាស ក្នុងរាជធានីភ្នំពេញ ចំពោះការខិតខំបំពេញតួនាទី និងភារកិច្ច នៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រោងចក្រ-សហគ្រាស និងចំពោះការរួមចំណែក ក្នុងការធានាបាននូវនិរន្តរភាពនៃផលិតកម្ម និងអាជីវកម្មរបស់រោងចក្រ-សហគ្រាស ព្រមទាំងភាពសុខដុមរមនារវាងកម្មករ-និយោជិត និងនិយោជក ក្នុងរយៈកាលកន្លងមក ជាពិសេសការរួមចំណែក ក្នុងការថែរក្សាលំនឹងស្ថិរភាព និងភាពធន់នៃសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលគ្រោះអាសន្ន នៃវិបត្តិកូវីដ-១៩ ដែលពិតជាបានបង្ហាញអំពីជំនឿទុកចិត្ត លើការដឹកនាំប្រកបដោយយុទ្ធសាស្ត្រ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។

លោកបណ្ឌិត បានបន្ថែមថា ប្រធានរដ្ឋបាល និងប្រធានផ្នែក គឺជាជនបង្គោល និងជាស្ពានក្នុងការផ្សារភ្ជាប់ទៅនឹងកម្មករ-និយោជិត ដើម្បីជំរុញការអនុវត្ត និងផ្សព្វផ្សាយអំពីគោលនយោបាយ និងសមិទ្ធផលក្នុងវិស័យការងារ ដែលរាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ដោះស្រាយជូនកម្មករ-និយោជិត សំដៅធានាបាននូវការលើកកម្ពស់ផ្នែកជីវភាព, សុខុមាលភាព និងនិរន្តរភាពអាជីពការងាររបស់កម្មករ-និយោជិត។

មួយវិញទៀត ប្រធានរដ្ឋបាល និងប្រធានផ្នែក ក៏ជាដៃគូសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយនឹងអាជ្ញាធរ-សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ នូវកាតព្វកិច្ចនានា ដែលមានចែងក្នុងច្បាប់ និងបទដ្ឋានគតិយុត្តនានា ក្នុងវិស័យការងារ បម្រើឱ្យការការពារផលប្រយោជន៍ដោយស្មើភាព ចំពោះមុខច្បាប់សម្រាប់កម្មករ-និយោជិត, និយោជក និងគ្រប់ភាគីពាក់ព័ន្ធ៕

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *