ភ្នំពេញ៖ យោងតាមការប្រកាសស្វែងរកកុមារាលក់ផ្កាកាលពីថ្ងៃទី១៤ ឧសភា របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារ អ.ម.ត. ខេត្តបាត់ដំបង បានរកឃេីញ និងចុះដល់ផ្ទះកុមារា រុន ភារម្យ ហៅរ៉យ អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៤ នៅសាលាបឋមសិក្សាជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដោយបាននាំនូវអំណោយមួយចំនួនជាគ្រឿងឧបភោគបរិភោគដល់កុមារា និងក្រុមគ្រួសារ។
ជាមួយនេះ លោកបណ្ឌិត គ្រោងជួបផ្ទាល់ជាមួយកុមារា និងក្រុមគ្រួសារ ក្នុងពេលឆាប់ៗខាងមុខ ដេីម្បីពិនិត្យលទ្ធភាពជាក់ស្តែងក្នុងការជួយបន្ត។
សូមបញ្ជាក់ថា: កន្លែងទៅ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះថា , រូបថតដោយអត់ព្រៀងទុកប៉ុន្មានសន្លឹកនេះអោយខ្ញុំមានអារម្មណ៍រំភើបដោយមិនដឹងខ្លួន????
ពេលកំពុងអង្គុយនៅក្នុងកម្មវិធីអាហារសាមគ្គីនៅខេត្តបាត់ដំបងកាលពីថ្ងៃសុក្រកន្លងទៅនេះ ខ្ញុំបានក្រឡេកមើលឃើញក្មួយប្រុសម្នាក់ ដែលកំពុងឈរមើលមកខ្ញុំពីចំងាយជាមួយផ្កាមួយបាច់នៅក្នុងដៃរបស់គាត់។
ខ្ញុំបានបក់ដៃហៅគាត់អោយចូលមកក្បែរដើម្បីសួរនាំអំពីគាត់ ហើយក៏ទិញផ្ការបស់គាត់ទាំងអស់ដើម្បីចែកជូនប្អូនៗដែលនៅក្នុងកម្មវិធីនោះជាអនុស្សាវរីយ៍… ភ្លាមនោះគាត់បានសំពះអរគុណ ព្រមទាំងស្ទុះមកអោបខ្ញុំដោយទឹកមុខសប្បាយរីករាយ មុននឹងគាត់លាខ្ញុំចេញទៅ។ កាយវិការរបស់ក្មួយម្នាក់នេះនិងដំណើររឿងជីវិតរបស់គាត់ បានធ្វើអោយខ្ញុំមានអារម្មណ៍រំភើបដោយមិនដឹងខ្លួន????????
ដោយសារគាត់ប្រញ៉ាប់ត្រឡប់ទៅផ្ទះវិញក្រោយលក់ផ្កាអស់ ក្រុមការងារក៏មិនបានយកពត៌មានបន្ថែមពីគាត់ដែរ។ ខ្ញុំបានអោយក្រុមការងារស្រាវជ្រាវរកក្មួយប្រុសនេះ ដើម្បីពិនិត្យមើលស្ថានភាពក្រុមគ្រួសាររបស់គាត់និងលទ្ធភាពដែលអាចជួយគាត់យ៉ាងណាខ្លះទៀត។
(អរគុណបងប្អូនដែលផ្ញើររូបថតប៉ុន្មានសន្លឹកនេះមកអោយខ្ញុំកាលពីល្ងាចមិញ ដើម្បីក្រុមការងារងាយស្រួលស្វែងរកក្មួយប្រុស) ៕