Breaking News

លោក បណ្ឌិត ហ៊ុន ម៉ាណែត៖ ផ្នែកចម្បងមួយនៃជោគជ័យក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃជាង ៥០០ ឆ្នាំ ដែលបានញាំញីកម្ពុជា គឺអាស្រ័យលើកត្តាអ្នកដឹកនាំ និងកត្តានៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ផ្នែកចម្បងមួយនៃជោគជ័យក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃជាង ៥០០ ឆ្នាំ ដែលបានញាំញីកម្ពុជា គឺអាស្រ័យលើកត្តាអ្នកដឹកនាំ និងកត្តានៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋ។ នេះជាប្រសាសន៍របស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា ក្នុងវត្តសម្តេចព្រះនាគវន្តវារៈពោធិ៍ (ហៅវត្តសំបុក) ស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញ ។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ សូមចូលរួមអនុមោទនាត្រេកអរចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើន ក្នុងវត្តសម្តេចព្រះនាគវន្តវារៈពោធិ៍ (ហៅវត្តសំបុក) ដែលជាទីអារាមដ៏ចំណាស់ជាមួយនឹងអាយុកាលប្រមាណ ៥០០ ឆ្នាំ ដោយឆ្លងកាត់ដំណាក់កាលជាច្រើនក្នុងរបត់ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា រាប់ទាំងដំណាក់កាលនៃសង្គ្រាមរាំងជល និងការបំផ្លិចបំផ្លាញក្នុងរបបប៉ុលពត ហើយរហូតមកដល់សព្វថ្ងៃមានការអភិវឌ្ឍរីកចម្រើនប្រែមុខប្រែមាត់ក្លាយជាទីអារាមគួរទីមនោរម្យសម្រាប់ការបដិបត្តិធម៌របស់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទមកពីគ្រប់ទិសទី។ សមិទ្ធផលទាំងអស់នេះកើតចេញពីកម្លាំងសទ្ធាជ្រះថ្លា និងការរួបរួមសាមគ្គី ក្នុងថែរក្សាប្រពៃណីទំនៀមទម្លាប់សាសនា ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាព សេរីភាព និងការរីកចម្រើនផ្នែកជីវភាពរបស់ប្រជាពលរដ្ឋ ដូចពេលបច្ចុប្បន្ន។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា, ផ្នែកចម្បងមួយនៃជោគជ័យក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃជាង ៥០០ ឆ្នាំ ដែលបានញាំញីកម្ពុជា គឺអាស្រ័យលើកត្តាអ្នកដឹកនាំ និងកត្តានៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ហើយពិតណាស់គ្រប់សមិទ្ធផលធំៗរបស់សង្គមជាតិ ដែលសម្រេចបានកន្លងមកនេះ ក៏ពឹងផ្អែកទាំងស្រុកលើកត្តាកំណត់ទាំងពីរនេះផងដែរ។ ជាក់ស្តែង ជោគជ័យនៃការលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិខ្មែរ តាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ រហូតមកដល់ពេលនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមយ៉ាងសកម្មតាមជំនាញ ចំណេះដឹង តួនាទី និងភារកិច្ចរៀងខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមោទនភាពជាតិ។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា, ប្រទេសនីមួយៗ មានប្រវត្តិសាស្ត្រខុសៗគ្នា ហើយវាជាមោទនភាពជាតិ ក្នុងការដែលយើងអាចចែករំលែកឱ្យពិភពលោកបានដឹង និងបានស្គាល់អំពីអត្តសញ្ញាណរបស់ជាតិយើង។ ក្នុងនាមជាប្រទេសដែលធ្លាប់ឆ្លងកាត់នូវអតីតកាលដ៏សែនជូរចត់ ដូច្នេះក្នុងបរិយាកាសសុខសាន្ត និងសម្បូរសប្បាយដូចបច្ចុប្បន្ន, ប្រជាជាតិខ្មែរពិតជាបានរួបរួមសាមគ្គីគ្នាបង្ហាញនូវសមត្ថភាព និងទេពកោសល្យ ដើម្បីប្រាប់ពិភពលោកអំពីវប្បធម៌-អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ដែលមានកំណើតដ៏យូរលង់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក៏ដូចជាអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា រួមទាំងអំពីទឹកចិត្តទូលំទូលាយរបស់ប្រជាជនខ្មែរយើង ក្នុងការទទួលស្វាគមន៍រាក់ទាក់ចំពោះមិត្តភក្តិអន្តរជាតិមកពីគ្រប់ទិសទី ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *