ខេត្តស្វាយរៀង៖ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ តាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តមទេសរដ្ឋមន្ត្រីលី ធុជ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន៥៤៥ នាក់ មកពីសង្កាត់ច្រកម្ទេស សង្កាត់ព្រៃអង្គុញ និងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ពិធីប្រកាសសមាជិកបក្សថ្មីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ជ័យ សុន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង៥ គណបក្សក្រុង គណបក្សសង្កាត់ទាំង៥ និងសមាជិក សមាជិការគណបក្សសាខាភូមិ សរុបចំនួន ៦១០ នាក់។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ជូនដល់សមាជិក សមាជិការគណបក្សក្រុងបាវិតទាំងអស់។
ក្នុងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ខ្ញុំសូមស្វាគមន៍និងអបអរសាទរចំពោះការសម្រេចចិត្តចូលរួមរស់ជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ នេះគឹជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ការជឿទុកចិត្ត មានក្តីសង្ឃឹម និងផ្តល់ទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ និងកំពុងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ បានរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ កសាងជាតិមាតុភូមិ បង្កើនការងារនិងប្រាក់ចំណូលយ៉ាងច្រើនជូនដល់បងប្អូនប្រជាពលរដ្ឋ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
ដោយឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ មានថ្នាក់ដឹកនាំ សមាជិកបក្សផ្សេងៗជាច្រើន បានលាលែងចេញពីគណបក្សរបស់ខ្លួន និងស្នើសុំចូលបម្រើក្នុងជីវភាពរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជាមួយសម្តេចតេជោ ក្នុងការបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិរបស់យើង ក៏ដូចជាចូលរួមដល់ការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
ក្នុងពិធីនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានណែនាំឱ្យសមាជិក-សមាជិកាគណបក្សដែលទើបបញ្ចូលថ្មីទាំងអស់ ត្រូវបន្តចងចាំនូវគុណតម្លៃនៃសន្តិភាព និងការដឹកនាំជាប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏ដូចជាត្រូវបន្តចងចាំនូវទុក្ខវេទនារបស់ប្រជាជនកម្ពុជាស្ថិតក្នុងរបបដ៏ខ្មៅងងឹតសម្លាប់ជាតិសាសន៍ខ្លួនឯងនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតជាទិវាចងចាំ ២០ឧសភា ប្រារព្ធរៀងរាល់ឆ្នាំ។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជំរុញឲ្យសមាជិក-សមាជិកាទាំងអស់ឮបន្តជួយផ្សព្វផ្សាយអំពីសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា និងណែនាំឱ្យក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិទាំងអស់ទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ ឆ្នាំ២០២៣ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕ដោយ៖ សិរី នាគ