ភ្នំពេញ៖ ពាក់ព័ន្ធនិងអធិការរង មួយរូប នៅស្រុកកូនមុំ ខេត្តរតនគិរី ដែលខ្លួនជាមន្ត្រីនគរបាលយុត្តិធម៌ មានតួនាទី ភារកិច្ច បង្ក្រាបបទល្មើស ការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម បង្ក្រាបបនល្បែងស៊ីសង ។ ផ្ទុយទៅវិញ បែរជាលួចបើកសង្វៀនបញ្ជល់មាន់ នៅផ្ទះរបស់ខ្លួន។ ក្នុងករណី ក៏មាននាយប៉ុស្តិ៍រដ្ឋបាល ចុះទៅសំណូមពរ ឱ្យបញ្ឈប់ការបើកបនល្បែង ហើយសហការគ្នា បង្ក្រាបបនល្បែងស៊ីសងដែលមាននៅក្នុងសង្គម។ ប៉ុន្តែករណីនេះ ធ្វើឲ្យអធិការរងរូបនេះ បញ្ឆេះកំហឹង តូចចិត្ត ប្រើពាក្យសំដីមិនគប្បី មកកាន់នាយប៉ុស្តិ៍នគរបាល ដោយយកអំណាចខ្លួនជាអធិការរង មកគ្របដណ្ដប់កូនចៅ ។ ទើបរឿងមួយនេះ ត្រូវបានអ្នកនិយមលេងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បង្ហោះព្រោងព្រាត ប្រមាណជាជិតមួយសប្តាហ៍ទៅហើយ។ ទីបំផុត ! ត្រូវបានស្នងការនគរបាលខេត្តរតនគីរី ដកបញ្ឈរជើង។
សូមបញ្ជាក់ថា, យោងតាម( លិខិតបង្គាប់ការ) របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដែលអង្គភាព អែស អរ អិន ទទួលបាននៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា ,បង្គាប់
ប្រការ១: ត្រូវបានផ្អាកការងារបណ្តោះអាសន្នចំពោះ លោក វរសេនីយ៍ត្រី អុិត សឿង – អត្តលេខ ៥៧០០៩ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកកូនមុំ។ មូលហេតុ ប្រព្រឹត្តខុសទៅនឹងវិន័យរបស់កម្លាំងនគរបាលជាតិ ។
ប្រការ២: លោកវរសនីយ៍ត្រី អុិត សឿង ត្រូវមកបង្ហាញខ្លួនរៀងរាល់ម៉ោងការងារ នៅការិយាល័យបុគ្គលិក ដើម្បីរង់ចាំការចង្អុលណែនាំរបស់ នាយកដ្ឋានបុគ្គលិក។
ប្រការ៣: លោក-លោកស្រីស្នងការរង លោកនាយការិយាល័យបុគ្គលិក លោកអធិការនគរបាលស្រុកកូនមុំ លោកប្រធានអង្គភាពពាក់ព័ន្ធ និង សាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវ អនុវត្តតាម លិខិតបង្គាប់ការនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕