Breaking News

អភិបាលខេត្តកណ្តាលជំរុញរដ្ឋបាលក្រុងយកចិត្តទុកដាក់ការចុះបញ្ជីដីធ្លីនិងការពារទឹកដីតាមព្រំដែន

កណ្តាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំដល់រដ្ឋបាលក្រុង ឱ្យសហការជាមួយអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ប្រកបដោយភាពម៉ឺងម៉ាត់បំផុតលើការការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន និងជំរុញការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងខ្សែបន្ទាត់ព្រំដែន និងអាចឈានទៅបង្កើតជាផ្លូវខ្សែក្រវ៉ាត់ព្រំដែន។ ការណែនាំរបស់លោកដូច្នេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលក្រុងសំពៅពូន នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្តក៏បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដោយបន្តការខិតខំប្រឹងប្រែង សហការល្អជាមួយ មន្ទីរជំនាញពាក់ព័ន្ធ ដើម្បីរក្សាបាននូវសុខសុវត្ថិភាព ស្ថិរភាព សេចក្ដីសុខជូនប្រជាពលរដ្ឋ ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់មូលដ្ឋានក្រុងរបស់ខ្លួន។ លោកបន្តថា រដ្ឋបាលក្រុងត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើការបង្រ្កាប ទប់ស្កាត់ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះបទល្មើសគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងគ្រោះថ្នាក់ចរាចរណ៍ ឱ្យមានប្រសិទ្ធភាពខ្ពស់។

លើសពីនេះ ត្រូវដឹកនាំមន្រ្តីជំនាញរដ្ឋបាលបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ក្នុងន័យនេះចៅសង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ស្មៀនសង្កាត់ ត្រូវបង្កើនសកម្មភាពបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសការផ្តល់លិខិតអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ឬទីកន្លែងប្រារព្ធពិធីផ្សេងៗ។ ជាពិសេសត្រូវខិតខំជំរុញពលរដ្ឋផ្តល់ការរាយការណ៍មកកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធនឹងបញ្ហាអសន្តិសុខ ដោយផ្តល់ការសម្របសម្រួល ភាពងាយស្រួល និងការសម្ងាត់ជូនប្រជាពលរដ្ឋដែលបានរាយការណ៍ ហើយត្រូវចាត់ទុកថា ប្រជាពលរដ្ឋ គឺជាអ្នករាយការណ៍ដ៏សំខាន់រាល់ភាពអសន្តិសុខទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *