កំពង់ស្ពឺ៖ លោកឧត្ដមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើស បានបើកប្រតិបត្តិការបង្រ្កាបទីតាំងលួចលក់ប្រេងម៉ាស៊ីនលាយក្លែងក្លាយមួយកន្លែង ដេប៉ូយីហោ ហេង សុខជា ដែលដាក់តាំងលក់ប្រេងម៉ាស៊ីនក្លែងក្លាយ ស្ថិតនៅលើផ្លូវជាតិលេខ ៤ ភូមិក្រាំងពលទេព សង្កាតរកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ តាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនK.l.S និងក្រុមហ៊ុន Siam Kubota Corporation។ នេះបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំសម្របសម្រួលនីតិវិធី ពីលោក រ៉ែន នរិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ សហការពីកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងម្ចាស់តំណាងសិទ្ធិផ្ដាច់មុខនាំចូល។
ក្នុងពេលចុះឆែកឆេរ សមត្ថកិច្ចរកឃើញប្រេងម៉ាស៊ីន សម្រេចរឹបអូសដកហូត ជាបណ្ដោះអាសន្ន រួមមាន ប្រេងរំអិលម៉ាក់ NOVA 2T (1L) ចំនួន ៤៩១កំប៉ុង និង NOVA 2T (0,5L) ចំនួន ៧៧១កំប៉ុង (សរុប NOVA 2T ចំនួន ១,២៦២ កំប៉ុង)។ ប្រេងរំអិលម៉ាក់ TRA CHANG (3L) ចំនួន ២៨០៨ TRA CHANG (6L) ចំនួន ២៧៨ ប៊ីដុង (សរុបប្រេងរំអិលម៉ាក TRA CHANG ចំនួន ៣,០៨៦ ប៊ីដុង )។
ក្រោយបញ្ចប់ប្រតិបត្ដិការរយៈពេល ៣ម៉ោង សមត្ថកិច្ចជំនាញសម្រេចបញ្ជូនសម្ភារទាំងអស់ យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បណ្ដោះអាសន្ន និងដំណើរការនីតិវិធីលើម្ចាស់ទីតាំងឈ្មោះ ហេង សុខជា សាកសួរតាមនីតិវិធីច្បាប់៕