Breaking News

មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី​ ណែនាំដល់ប្រធានមន្ទីរថ្មី​ ទប់ស្កាត់ឱ្យបានរាល់ការសាងសង់សំណង់ខុសច្បាប់

ប៉ៃលិន៖​ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣​ មានរៀបចំពិធី​ប្រកាស​តែងតាំងចូលកាន់មុខតំណែងប្រធានថ្មី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិ​យោ​ដីខេត្តប៉ៃលិន ស្ថិតក្រោមអធិបតីភាពលោកឆាន់ សាផាន រដ្ឋលេខាធិ​កា​រ​ក្រ​សួ​ងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងរៀបចំដែន​ដីនគរូបនីយកម្ម និង សំណង់ ដោយមានការអញ្ជើញចូលរួមពី​លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន, លោក លោកស្រីប្រធានមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ជាច្រើននាក់។

លោកស្រី​បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដែលថ្នាក់ដឹកនាំមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសុរិយោដីខេត្ត ព្រមទាំងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងខេត្តប៉ៃលិន ដែលរយៈពេលកន្លងមក បានរួមសហការគ្នាខិតខំបំពេញភារកិច្ច បម្រើសេវា ជូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អប្រសើរ។ ជាមួយគ្នានេះដែរលោកជំទាវអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ ដល់ប្រធានមន្ទីរ ដែលទើបតែងតាំងថ្មី ត្រូវបន្តខិតខំយកចិត្តទុកដាក់ សហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែក ក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្របខណ្ឌយុទ្ធសាស្ត្រនៃគោលនយោបាយដីធ្លី ឲ្យបានសម្រេច និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ លោកឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូ​ប​នី​​យក​ម្ម សំណង់ និងសុរិយោដី បានថ្លែងជំរុញដល់មន្ត្រីជំនាញ និងប្រធានមន្ទីរថ្មី ត្រូវពង្រឹងស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ថ្នាក់ ក្នុងមន្ទីរឲ្យបានល្អ ពោលគឺសំដៅលុបបំបាត់ ភាពអសកម្មទាំងឡាយ និងបង្កើនស្មារតីគោរពក្រមសីលធម៌វិជ្ជាជីវៈ បង្កើនប្រសិទ្ធភាពការងារ លើការផ្ដល់សេវា ជូនប្រជាពលរដ្ឋ ដែលមករកសេវាពីមន្ទីរ ជាមួយគ្នានោះត្រូវរៀបចំនីតិវិធី ក្នុងការចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនៈវត្ថុ ជាលក្ខណៈប្រព័ន្ធ ជូនប្រជាពលរដ្ឋ ឲ្យសម្រេចតាមផែនការ។ ក្នុងនោះពាក់ព័ន្ធវិស័យសំណង់ត្រូវចាត់មន្ត្រីចុះពិនិត្យគុណភាពសំណង់ ជំរុញដល់បងប្អូនប្រជាពលរដ្ឋ ស្នើសុំច្បាប់អនុញ្ញាត មុនពេលសាងសង់ ធ្វើកិច្ចសហការ ជាមួយមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីឲ្យការងារមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងគោលដៅបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ ប្រកបដោយឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ ។

ជាមួយគ្នានេះ ត្រូវទប់ស្កាត់ ការរំលោភលើដីសាធារណៈ ដូចជាដីចំណីផ្លូវសា​ធា​រ​ណៈ និងសួនច្បារសាធារណៈ ដែលធ្វើអោយប៉ះពាល់ ដល់សោភណភាព សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ នៅតាមទីក្រុង ទីប្រជុំជន ជាពិសេសការទប់ស្កាត់ ឱ្យបានរាល់ការសាងសង់សំណង់ខុសច្បាប់ ។

លើសពីនេះត្រូវបន្តផ្សព្វផ្សាយ និងធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ ពិសេសដល់ម្ចាស់​សំណង់ និងអ្នកអភិវឌ្ឍអចលវត្ថុ អោយយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់ និងគោលការណ៍ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងរៀបចំដែនដី នគរូបនីយ​ក​ម្ម សំណង់ និងសុរិយោដី ព្រមទាំងរដ្ឋបាលខេត្តផងដែរ។

ជាការឆ្លើយតមលោក ហុង ពៅ ដែលទើបទទួលការតែងតាំងថ្មី បានបញ្ជាក់ថា លោកនឹងប្តេជ្ញាចិត្តដឹក​នាំស្ថានប័នមួយនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ មានសាមគ្គីភាពផ្ទៃក្នុងល្អ សហការជាមួយជំនាញនា​នា និងអាជ្ញាធរខេត្ត ដើម្បីចូលរួមបម្រើសេវា ឲ្យបានលឿន រហ័សទាន់ចិត្ត ជូនប្រជាពលរដ្ឋផងដែរ​៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *