ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូ យុវជនមជ្ឈិមសហព័ន្ធយុវជនកុម្មុយនីស្តវៀតណាម ដឹកនាំដោយ លោក ប៊ុយ ក្វាងហ៊ុយ សមាជិកបម្រុងនៃគណ:កម្មធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លេខាធិការទី ១ នៃមជ្ឈិមសហព័ន្ធយុវជនកុម្មុយនីស្តវៀតណាម និងជាប្រធានគណ:កម្មាធិការជាតិ ស្តីពីយុវជនវៀតណាម ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមាន ៧មករា នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ។
ក្នុងឱកាសជំនួបនោះ លោក ប៊ុយ ក្វាងហ៊ុយ បានថ្លែងនូវការអបអរសាទរ និងកោតសសើរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសឲ្យទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ, ការគ្រប់គ្រងបានយ៉ាងល្អនូវជំងឺកូវីដ-១៩ ដែលធានាបាននូវសុខុមាលភាពប្រជាជន, ការដឹកនាំដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំអាយប៉ា ជាពិសេស ការរៀបចំព្រឹត្តិការណ៍ស៉ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានយ៉ាងល្អ និងឆ្ពោះទៅរៀបចំការប្រកួតកីឡាប៉ារាហ្គេម នាពេលឆាប់ៗនេះ។ លោកបានបង្ហាញនូវការបន្តរឹតចំណងមិត្តភាព សាមគ្កីភាព និងកិច្ចសហប្រតិបត្តិការរវាងយុវជន នៃប្រទេសទាំងពីរ ឲ្យកាន់តែមានភាពជិតស្និទ្ធិបន្ថែមទៀត ដើម្បីរឹតចំណងមិត្ត ភាពនៃប្រទេសទាំងពីរ។
ក្នុងជំនួបនោះ សម្ដេចកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការអបអរសាទរ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ក្នុងការប្រារព្ធខួបទី ៥៦ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។ សម្តេចកិត្តិសង្គបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរ ដល់យុវជនទាំងពីរប្រទេស និងបានផ្តាំផ្ញើឲ្យយុវជនជំនាន់ក្រោយ ត្រូវរៀនសូត្រពីយុវជនជំនាន់មុន តាមរយៈនៃការផ្លាស់ប្តូរបទពិសោធន៍ គ្នាទៅវិញទៅមក ជាពិសេស ក្នុងការចាប់យកនូវចំណុចល្អ ដើម្បីរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ក្រោមដំបូលនៃសុខសន្តិភាព។
សម្ដេចកិត្តិសង្គហបណ្ឌិត សង្ឃឹមថា ទស្សនកិច្ចនេះ នឹងជួយពង្រឹងថែមទៀត ទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ បក្សទាំងពីរ និងយុវជនទាំងពីរកាន់តែរឹងមាំ និងស្ថិតស្ថេរជាអមតៈ។
កិច្ចពិភាក្សាបានផ្តោតលើបទពិសោធន៍ របស់ស្ថាប័នយុវជននៃប្រទេសទាំង ២ ក្នុងការចូលរួមជាមួយនឹងរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ជាពិសេស លើការប្រយុទ្ធប្រឆាំងដោយជោគជ័យ នៃការឆ្លងរីករាល ដាលនៃជំងឺកូវីដ-១៩ នាពេលកន្លងមក។ ក្រៅពីការផ្លាស់ប្តូរបទពិសោធន៍ការងារ គណៈប្រតិភូនៃប្រទេសទាំង ២ បានប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហការបន្ថែមទៀត ជាពិសេស ក្នុងក្របខណ្ឌនៃការអភិវឌ្ឍយុវជន ៕