Breaking News

សម្ដេចក្រឡាហោម ស ខេង អំពាវនាវដល់តួអង្គពាក់ព័ន្ធ រួមគ្នាថែរក្សាការពារសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ ដើម្បីបង្កបរិយាកាសនៃការបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន

បាត់ដំបង៖ នៅក្នុងឱកាសនៃការអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ចំនួន ៣.៤១២នាក់ នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានថ្លែងនូវសារអំពាវនាវដល់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាថែរក្សាការពារសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គមឱ្យបានល្អជូនប្រជាពលរដ្ឋ ជាពិសេសដើម្បីបង្កបរិយាកាសនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ។

សម្តេច បានបញ្ជាក់ថា តួអង្គពាក់ព័ន្ធទាំងនោះរួមមានកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ រួមគ្នាថែរក្សាការពារសុខសន្តិភាពជាអាទិភាព ដើរទន្ទឹមគ្នានឹងការខិតខំថែរក្សាសន្តិសុខសណ្ដាប់សាធារណៈ និងការបន្តការងារជាប្រក្រតីតាមតួនាទី និងភារកិច្ចរៀងៗខ្លួន។

សម្ដេចក៏បានស្នើឱ្យបន្តរួមគ្នាជំរុញគាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ព្រមទាំងប្ដេជ្ញាចិត្តរួមគ្នាធ្វើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន ដើម្បីរួមគ្នារក្សាស្ថិរភាពជាតិ និងការអភិវឌ្ឍន៍តាមគន្លងប្រជាធិបតេយ្យ។

ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានថ្លែងនូវការវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច ទាំង៣ប្រភេទ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកសំឡូត ដែលជាអតីតទឹកដីសមរភូមិសង្គ្រាមចុងក្រោយមួយ សម្រាប់ការខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដែលសម្រេចបានសមិទ្ធផលនានាជាច្រើន។

សម្ដេចក្រឡាហោម បានលើកបង្ហាញថា រហូតមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងវិធានការនានា ដោយមានការគាំទ្រ និងការចូលរួមពីមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ក្នុងនោះរួមទាំងក្នុងស្រុកសំឡូតផងដែរ ដែលធ្វើឱ្យប្រទេសជាតិអាចជម្នះបាននូវបញ្ហាប្រឈមនានាជាសាកល រួមទាំងជំងឺកូវីដ-១៩ និងរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។

សម្ដេចក្រឡាហោម បានលើកឡើងថា សមិទ្ធផលនានា ដែលកើតចេញពីមូលដ្ឋាននៃការខិតខំប្រឹងប្រែងថែរក្សាសុខសន្តិភាព ក្នុងនោះមានដូចជាការបន្តអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពិសេសការរៀបចំការបោះឆ្នោតជាទៀងទាត់ ការដាក់ចេញគោលនយោបាយពង្រឹងសេដ្ឋកិច្ចជាតិ ធានាការផ្ដល់សេវាសាធារណៈ និងការបន្តអនុវត្តគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត ក្នុងនោះក៏មានការអភិវឌ្ឍធនធានមនុស្ស ផ្លូវគមនាគមន៍ ទឹកស្អាត និងប្រព័ន្ធធារាស្ត្រ និងការតបណ្ដាញអគ្គិសនីជាដើម។

សូមបញ្ជាក់ថា នៅក្នុងពិធីជួបសំណេះសំណាលនេះដែរ ក៏មានការអញ្ជើញចូលរួមពី មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងក្រុមការងារចុះជួយស្រុកសំឡូត ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្តបាត់ដំបង ព្រមទាំងមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកសំឡូត ចំនួន ៣.៤១២នាក់ផងដែរ៕ដោយ៖ សិរី នាគ

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *