Breaking News

នាយករដ្ឋមន្ត្រី វៀតណាម សម្តែងនូវមោទនភាពនៃកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យជាមួយកម្ពុជា

ភ្នំពេញ៖ គណៈប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដឹកនាំដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូត្រឡប់មកពីទស្សនកិច្ចជាផ្លូវ ការវិញហើយ កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីបានស្នាក់ នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាមអស់រយៈពេល៣ថ្ងៃរួចមក។

បើតាមការឲ្យដឹងពី លោក ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធ សភា និងអធិការកិច្ច បានបញ្ជាក់ប្រាប់អ្នកសាព័ត៌មាននៅព្រលានយន្តហោះអន្តរ ជាតិភ្នំពេញកាលពីល្ងាចថ្ងៃទី២៧ ខែ ឧសភាថា ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងតាមការអញ្ជើញរបស់ភាគីវៀតណាម និងពិនិត្យពីវឌ្ឍនភាព វិស័យអធិការកិច្ចដែលបានធ្វើកិច្ចសហប្រតិបត្តិការកន្លងទៅ រួមនឹងការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាមួយអធិការកិច្ចរដ្ឋាភិ បាលវៀតណាម។

លោក ណុប ចាន់ណារិន្ទ បន្តថា ពិធីចុះ ហត្ថលេខាលើឯកសារនៃអនុស្សារណៈនេះ បានធ្វើឡើងរវាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាមួយលោក ឌ័ន ហុងហ្វុង សមាជិកមជ្ឈិមបក្ស និងជាអគ្គាវធិការ នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម កាលពីរសៀលថ្ងៃទី២៦ខែ ឧសភា នៅទីស្តីការអធិការកិច្ចរដ្ឋាភិបាលវៀតណាម។ អ្នកនាំពាក្យរូបនេះ បានរំលឹកថា នៅក្នុងអនុស្សារណៈ កាលពីឆ្នាំ២០០៦-២០១៨ វិស័យអធិការកិច្ច នៃប្រទេសទាំងពីរមានវឌ្ឍនភាពគួរឲ្យកត់សំគាល់ ពិសេសលើការ បណ្តេះបណ្តាលធនធានមនុស្ស ក្នុងនោះមន្ត្រីរាជការក្រសួងទំនាក់ទំនងជា មួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានទទួលរួចហើយនូវការបណ្តុះបណ្តាល ដែលមានរយៈពេល៦ខែ ៣ខែ និង១ខែ មានចំនួនសរុប ២២៥នាក់។

ទន្ទឹមនឹងពិធីចុះហត្ថលេខាលើអនុស្សារណៈដ៏មានសារៈសំខាន់នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដោយភាគីទាំងពីរបានសម្តែងនូវមោទកភាពនៃកិច្ចសហប្រតិបត្តការល្អលើគ្រប់វិស័យ ដើម្បីប្រយោជន៍នៃសន្តិភាព មិត្តភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រជាជន និងប្រជាជាតិទាំងពីរ។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី វៀតណាម បានថ្លែងនូវការកោតសរសើរការរីកចំរើនរបស់កម្ពុជា និងជោគជ័យធំ នៃការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គែមលើកទី៣២ និងសូមជូនពរឲ្យការបោះឆ្នោតនាថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខទទួលបានជោគជ័យ។

ជាការឆ្លើយតបនៅក្នុងជំនួបនេះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនថ្នាក់ដឹកនាំបក្ស-រដ្ឋ និងប្រជាជនវៀតណាមប្រកបដោយការនឹករលឹក និងបានបញ្ជាក់ពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងអ្នកជិតខាងល្អ និងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងឱកាសស្នាក់នៅទីក្រុងហាណូយនៃសាធារណ:រដ្ឋសង្គមនិយមវៀតណាម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញទស្សនៈកិច្ចនៅក្រុមហ៊ុនViettel ដែលជាក្រុមហ៊ុនវិនិយោគបណ្តាញទូរគមនាគមន៍នាំមុខគេនៅប្រទេសវៀតណាម និងបានពង្រីកទៅតាមបណ្តាប្រទេសអាស៊ាន ក្នុងនោះក៏មានកម្ពុជាផងដែរ ហើយបាន និងកំពុងទទួលការគាំទ្រ និងទទួលបានជោគជ័យក្នុងវិស័យនេះ។

នៅថ្ងៃទី២៧ ខែឧសភា មុនពេលចាក ចេញពីទីក្រុងហាណូយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូទស្សនៈកិច្ចនៅធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) និងបានបន្តមកដល់កម្ពុជាវិញដោយនាំមកនូវផ្លែផ្កា និងសុវត្ថិភាព៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *