ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកឡើងថា “ការអញ្ជើញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាការអនុវត្តកាតព្វកិច្ចចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ”។ ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា នៅក្នុងឱកាសដែលឯកឧត្តមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ៣ ៤១៣នាក់ ក្នុងស្រុកមេសាង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នេះ។
ថ្លែងក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម ស សុខា បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីប្រើប្រាស់សិទ្ធិរបស់បងប្អូន ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់រីកចម្រើនថែមទៀត។
ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ការអញ្ជើញទៅបោះឆ្នោតរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រីប គឺការអនុវត្តកាតព្វកិច្ចចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ព្រោះការបោះឆ្នោតតំណាងរាស្រ្ត ៦លើកមកនេះ ការបោះឆ្នោតឃុំ សង្កាត់ ៥លើកមកនេះ និងការបោះឆ្នោតអសកលផ្សេងៗទៀត បានបង្ហាញពីលទ្ធផលយ៉ាងច្បាស់ថា យន្តការនេះធ្វើឲ្យកម្ពុជាចៀសផុតពីសង្គ្រាម និងការបែកបាក់ជាតិ។
ឯកឧត្តមរដ្ឋលេខាធិការ បន្តទៀតងា ដូច្នេះទោះរវល់បែបណាក៏ដោយ ក៏ត្រូវឆ្លៀតអញ្ជើញទៅបោះឆ្នោត ដើម្បីបង្ហាញឆន្ទៈមិនត្រឹមតែគាំទ្របក្សដែលយើងស្រលាញ់នោះទេ ក៏មានន័យថាជាការបង្ហាញឆន្ទៈស្រលាញ់ប្រជាធិបតេយ្យ សន្តិភាព និងស្ថិរភាពជាតិដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តម ស សុខា បានលើកឡើងថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា មានគណបក្សនយោបាយ ចំនួន ១៨ បានចុះឈ្មោះចូលរួមការប្រកួតប្រជែង ខណៈអាណត្តិមុនមាន ២០គណបក្ស។ ទន្ទឹមនេះការបោះឆ្នោត ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំឡើងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស យ៉ាងទៀងទាត់តាមអាណត្តិដែលកំណត់ដោយរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានរំលឹកថា ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីឆ្នាំ២០២២ កន្លងទៅនេះ ត្រូវបានរៀបចំឡើងតាមអាណត្តិកំណត់ ៥ឆ្នាំ និងបានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សង្គម យ៉ាងល្អប្រសើរ ដោយមានគណបក្សនយោបាយចុះបញ្ជីចូលរួមប្រកួតប្រជែង ចំនួន ១៧ និងមានប្រជាជនចំនួន ៨០,១៩% នៃប្រជាជន ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត (ជាអត្រាមួយដ៏ខ្ពស់បើប្រៀបធៀបនឹងប្រទេសនានា) បានចេញទៅបោះឆ្នោតយ៉ាងសស្រាក់សស្រាំ ដោយគ្មានការបង្ខិតបង្ខំ ការបំភិតបំភ័យក្នុងការសម្រេចចិត្តជ្រើសរើសគណបក្សនយោបាយ ចំនួន ៩ ដែលអ្នកបោះឆ្នោតម្នាក់ៗស្រលាញ់ ពេញចិត្តឱ្យចូលរួមក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ។
ឯកឧត្តម ស សុខា បានគូសបញ្ជាក់ផងដែរ ការបោះឆ្នោតគឺជាដំណោះស្រាយមួយ ដើម្បីផ្សះផ្សារបង្រួបបង្រួមជាតិ ពង្រឹងសន្តិភាព ស្ថិរភាព លើកស្ទួយសិទ្ធិសេរីភាពពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ដំណើរការទាំងនេះ បានបង្ហាញច្បាស់ពីការអភិវឌ្ឍប្រកបដោយចីរភាព នៃស្ថាប័នប្រជាធិបតេយ្យ និងដំណើរការបោះឆ្នោតនៅកម្ពុជា៕ដោយ៖ សិរី នាគ