ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះចំនួន ១៤. ៣២៧នាក់ នឹងត្រូវដាក់ពង្រាយនៅតាមចំណុចសំខាន់ៗមួយចំនួន ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតាមការឱ្យដឹងតាមរយៈកិច្ចប្រជុំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឪកាសពិធីប្រកួតកីឡាជនពិការ(Asean Para Games) លើកទី១២ នៅនាយកដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។
ទីតាំងភូមិសាស្ត្រសំខាន់ៗ ដែលនឹងត្រូវដាក់ពង្រាយមានដូចជា នៅជំវិញព្រលានយន្តហោះ តាមក្បួនគណៈប្រតិភូ និងកីឡាករលើដងផ្លូវ កន្លែងស្នាក់នៅ និងកន្លែងប្រកួត និងគោលដៅទស្សនកិច្ចផ្សេងៗមួយចំនួនទៀត។
ពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងត្រូវធ្វើឡើងនៅ៦ទីតាំង រួមមាន ពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិអូឡាំពិក សកលវិទ្យាល័យភូមិន្ទភ្នំពេញ អគារសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ជ្រោយចង្វារ អគារ NaGa World និងមណ្ឌលជនពិកាតេជោបឹងបៃតង។
សូមបញ្ជាក់ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នឹងចាប់ផ្ដើមពីថ្ងៃទី៣-៩ខែមិថុនា ឆ្នាំ២០២៣ ដោយមានកីឡា ១៣ប្រភេទ ត្រូវបានដាក់ឲ្យធ្វើការប្រកួតលើវិញ្ញាសាជាង ៤០ រួមមាន កីឡាកីឡាអត្តពលកម្ម, ហែលទឹក, វាយសី, ប៊ូស្យា, អុក, បាល់ទាត់បុរស(៥ម្ខាង និង៧ម្ខាង) បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, វាយកូនឃ្លីលើតុ, បាល់ទះអង្គុយ, បាល់បោះជិះរទេះ និងកីឡាអេឡិចត្រូនិក(E-Sports។
កាលពីកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ កម្ពុជាដណ្ដើមបានមេដាយសរុប ២៨គ្រឿង រួមមានមេដាយមាស ៧ប្រាក់១០ និងសំរឹទ្ធ ១១គ្រឿង៕