Breaking News

សម្តេច ហ៊ុន សែន៖ កំហុសខាងយោបាយធ្វើឲ្យប្រទេសរីកចម្រើនយឺតយ៉ាវ និង ជួបវិនាសកម្មធ្ងន់

ភ្នំពេញ៖ សម្តេចតេជោ​ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ​ដោយសារតែមានកំហុស ខាងនយោបាយ នៃការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានធ្វើឲ្យប្រទេសកម្ពុជាជួបសង្រ្គាមវិនាសកម្ម ជាបន្តបន្ទាប់ ព្រមទាំងរីកចម្រើនយឺតយ៉ាវ។

សម្តេចតេជោ​ បានថ្លែងថា «​យើងធ្លាប់មានបទពិសោធហើយ ទីមួយ សង្គ្រាម និងទីពីរ គឺសង្គ្រាមបានបំផ្លាញធនធានមនុស្ស ដូច្នេះវាបានបំផ្លាញប្រទេស របស់យើង ដែលមានធនធានសម្បូរបែប ក្លាយទៅជាប្រទេសក្រីក្រ។ ក្នុងពេលដែល ប្រទេសមួយចំនួន ប្រទេសគេ គ្មានធនធានធម្មជាតិទេ ប៉ុន្តែគេក្លាយទៅជាអ្នកមានបានដោយសារទីមួយ នយោបាយគេត្រូវ នៅទីពីរ គេមានធនធានមនុស្ស ឯសម្រាប់យើង ក៏ដូចគ្នាដែរ គឺយើងមានកំហុសខាងនយោបាយ ហើយយើងខ្វះធនធានមនុស្ស»។

ទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីសម័យ​សង្គមរាស្រ្ត​និយម ដែលមាន ព្រះបិតាជាតិខ្មែរ គឺសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ​គ្រប់គ្រង​ប្រទេស​កម្ពុជាមានការរីកចម្រើនប្រហាក់ប្រហែល នឹងប្រទេសកូរ៉េខាងត្បូងដែរ ប៉ុន្តែដោយ​សារតែកំហុសផ្នែកនយោបាយបានធ្វើឲ្យកម្ពុជា ដើរយឺតចំពោះភាពរីកចម្រើននេះ ជាក់ស្តែង​បច្ចុប្បន្ននេះ ផលិតផលសរុបរបស់ប្រជាជនកម្ពុជាគឺទទួលបានក្នុងមួយឆ្នាំត្រឹម​តែជាង១ពាន់​ដុល្លារអាម៉េរិកប៉ុណ្ណោះ ​ខណៈប្រជាជនកូរ៉េបានឡើងរហូតដល់ជាង៥ម៉ឺនដុល្លារ​អាម៉េរិក។

​ទន្ទឹមនឹងនេះដែរ សម្តេចតេជោ​ ​នៅតែបន្ដរំឭកចំពោះពាក្យថា«សន្តិភាព» ដោយសម្តេចតេជោ បានបញ្ជាក់ថា សន្តិភាពគឺសំខាន់បំផុតសម្រាប់កសាង និងអភិវឌ្ឍន៍​ប្រទេសជាតិ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែនាំគ្នាថែរក្សា និង ការពារនូវសុខ​សន្តិភាពនេះឲ្យបានគ្រប់កាលៈទេសៈទាំងអស់។

សូមជម្រាបជូនថា ការថ្លែងខាងលើនេះរបស់សម្តេចតេជោ​ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា​ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣៕

Check Also

អនុរក្សពន្ធនាគារព្រៃសនាំខ្លួន លី សាម៉េត ហៅគ្រូមា ឡើងតុលាការ បន្តនីតិវិធីស៊ើបសួរបន្ថែមលើសំណុំរឿងពុករលួយ

Leave a Reply

Your email address will not be published. Required fields are marked *