Breaking News

លោក ផុស សុវណ្ណ៖ អ្នកសារព័ត៌មានជាង៦០០ នាក់ ចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ក្នុងនោះអន្តរជាតិ ជាង១០០ នាក់

ភ្នំពេញ៖​ លោក ផុស សុវណ្ណ បានឲ្យដឹងថា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានចុះឈ្មោះចូលរួមយកព័ត៌មាន នៅក្នុងព្រឹត្តិការណ៍ កីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ចំនួនជាង ៦០០ នាក់ហើយ ក្នុងនោះ មានអ្នកសារព័ត៌មានអន្តរជាតិ ជាង ១០០ នាក់ គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

ការថ្លែងយ៉ាងដូច្នេះរបស់ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ក្នុងកិច្ចសម្ភាសជាមួយព័ត៌មានក្នុងស្រុកមួយ។

លោក ផុស សុវណ្ណ បានថ្លែងបញ្ជាក់ថា ដូចគ្នានឹងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ថ្មីៗនេះដែរ គឺយើងបានរៀបចំមជ្ឈមណ្ឌលព័ត៌មានកណ្តាល (MPC) សម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដោយកាលពីស៊ីហ្គេម គឺទទួលបានការសហការ ពីអ្នកជំនាញមកពី ក្រៅប្រទេស ប៉ុន្តែសម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នេះ គឺជាកិច្ចសហការរៀបចំ របស់ស្ថានីយទូរទស្សន៍ ក្នុងស្រុកទាំងអស់។ MPC អាចទទួលអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលធ្វើកិច្ចការ នៅក្នុងនេះ ក្នុងពេលតែមួយ ពី ២៥០ នាក់ ទៅ ៣០០ នាក់ ដោយមានទទួលអាហារសម្រន់ ឥតគិតថ្លៃ នៅទីនេះទៀតផង។ ជាមួយគ្នានេះ គណៈកម្មការជំនាញ ក៏បានជួយសម្របសម្រួល ដល់ការនាំចូលនូវសម្ភារ ឧបករណ៍ ផ្សព្វផ្សាយរបស់ អ្នកសារព័ត៌មានអន្តរជាតិ នៅព្រលានយន្តហោះ។

លោកបន្ដថា ចំពោះការចុះថតយកព័ត៌មាន នៅតាមទីលានប្រកួតនានា ក៏ដូចគ្នានឹងការប្រកួត កីឡាស៊ីហ្គេម ថ្មីៗនេះដែរ លើកលែងតែពិធីបើកបិទអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ នេះ ដែលតម្រូវឲ្យមានតំបន់កំណត់ ដែលមិនប៉ះពាល់ ដល់ការរៀបចំបច្ចេកទេស។

លោក ផុស សុវណ្ណ បានលើកឡើងថា ចំពោះចំណុចខ្វះខាត កាលពីស៊ីហ្គេមលើកទី៣២ ចំពោះអ្នកសារព័ត៌មាន ដែលមាន បញ្ហាលំបាកខ្លះៗ ក្នុងការចុះផ្ទាល់នៅតាមទីលានប្រកួតមួយចំនួន គឺគណៈកម្មការជំនាញ បានកែសម្រួលឲ្យបានល្អប្រសើរ ដូចជាទីតាំងប្រកួតណាមួយ មន្ត្រីសម្របសម្រួល នឹងសម្របសម្រួលជាមួយមន្ត្រីសហព័ន្ធជំនាញ តាមសហព័ន្ធកីឡានីមួយៗ ដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកសារព័ត៌មាន។ តែអ្នកសារព័ត៌មាន គោរពពេលវេលាចូល ក្នុងទីលានប្រកួត តាមពេលវេលាកំណត់ផងដែរ ដើម្បីកុំឲ្យមានបញ្ហាប្រឈម។

សូមជម្រាបថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមទី១២ដែលជាកីឡាជនពិការ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រភេទកីឡា អត្តពលកម្ម, វាយសី, ប៊ូស្យា, អុក, បាល់ទាត់៥ម្ខាង, បាល់ទាត់៧ម្ខាង, បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ បុរស–នារី, បាល់ទះអង្គុយបុរស–នារី, បាល់បោះជិះរទេះបុរស–នារី, និង កីឡា E-Sport៕

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *