Breaking News

ខេត្តកណ្ដាល ប្រារព្ធខួបលើកទី៧៤ នៃទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ កុមាររស់ក្នុងសន្តិភាព

ខេត្តកណ្ដាល៖ ថ្លែងទៅកាន់សិស្សានុសិស្សជាង ៣០០នាក់ នៅក្នុងពិធីអបអរសាទរខួបលើកទី៧៤ នៃទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ កុមាររស់ក្នុងសន្តិភាព នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានចាត់ទុកទិវាកុមារអន្តរជាតិ ១មិថុនា គឺជាថ្ងៃប្រវត្តិសាស្ត្រ ​ដែលមនុស្សជាតិ​​គ្រប់ពណ៌សម្បុរទាំង​អស់​នៅលើ​ពិភព​លោក រួបរួមគ្នាក្រោកឡើងក្នុងមនសិការ ស្មារតីការពារអាយុជីវិត  និងសេចក្តីសុខ​ក្សេមក្សាន្ត​របស់កុមារ​លើភព​ផែនដីយើងនេះ។

លោកជំទាវ ហ៊ុន កុសនី បានបញ្ជាក់ថា បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល​កម្ពុជាយើង បាននឹងកំពុងតែយកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ បញ្ហាគ្រឿងញៀន បញ្ហាការជួញដូរ និងកេងប្រវ័ញ្ច ទាំង​ពលកម្ម ទាំងផ្លូវភេទ ចំពោះស្ត្រី និងកុមារ ដោយជំរុញឱ្យមានការចុះកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់ គ្នា​រវាង​បណ្តាប្រទេសក្នុង​តំបន់​ និង​ពិភព​លោក​ ដែលមានទំនាក់ទំនងទៅ​នឹង​ការជួញដូរមនុស្ស  ជាពិសេសកុមារ ហើយ​ក្រសួងមហាផ្ទៃជា​សេនាធិការ​ដឹកនាំ   ​ក្នុង​នោះ​ យើងក៏​មាននាយកដ្ឋានប្រឆាំង​ការជួញដូរមនុស្ស និងការពារអនីតិជនសម្រាប់​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ផងដែរ។

ក្នុងពិធីនេះដែរ លោកជំទាវ បានផ្ដាំផ្ញើដល់ក្មួយៗសិស្សនុសិស្ស ត្រូវចេះថែទាំ សុខភាព​ អនាម័យ​ បរិស្ថាន ទាំង​ក្នុង​និង​ក្រៅ​សាលារៀនរបស់ក្មួយៗ ឱ្យបានខ្ជាប់ខ្ជួន​ជានិច្ច​ ដើម្បី​ឱ្យការរស់​នៅ​របស់​យើង​ប្រកប​ដោយ​សុខសុវត្ថិភាព និង​មាន​សុភមង្គល។ ត្រូវខិតខំរៀនសូត្រឱ្យមានចំណេះដឹងប្រកបដោយ​គុណ​ភាព​ ដើម្បីរួមចំណែក រក្សាកសាង និង​ជាអ្នក​បន្តវេនដ៏មាន​សក្ដានុពល​​។ 

ក្មួយៗ ​ត្រូវ​ចូលរួម​គ្រប់សកម្មភាព​ក្នុង​សាលារៀន​ និង​សហគមន៍ ក្នុង​ការ​ជួយគាំទ្រលើ៖ ការពង្រឹងគុណភាព​អប់រំ ការងារ​បរិស្ថាន វិន័យសណ្ដាប់ធ្នាប់​ និង​ការពង្រឹង​សុវត្ថិភាព​ចរាចរណ៍ជាដើម​។

លោកជំទាវបាន អំពាវនាវចំពោះអាជ្ញាធរគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់​ និងមាតាបិតា អាណាព្យាបាលសិស្ស សូមចូលរួមសហការឱ្យបានល្អប្រសើរជាមួយលោកគ្រូ អ្នកគ្រូ រួមចំណែក​ថែទាំកុមារ ឱ្យក្លាយជាពលរដ្ឋល្អមានសមត្ថភាព យ៉ាងពេញលេញ​ក្នុងការបន្ត​វេនកសាងមាតុភូមិ​កម្ពុជា​ដ៏រុងរឿងរបស់យើង និងសម្រេចឱ្យបាននូវ​គោលដៅនៃការអប់រំប្រកប​ដោយ​បរិយាប័ន្ន​ ដើម្បីការ​អប់រំរក្សា​បាននូវ​គុណភាព​សម្រាប់កុមារកម្ពុជាយើង៕

Check Also

ទីបំផុតលោកកែវ វ៉ា មេភូមិ និងអនុប្រធានភូមិខ្ជាយ ដែលត្រូវលោកមេឃុំជាំក្រវៀន ដកតំណែងនោះ ត្រូវបានអនុញ្ញាតឲ្យបន្តការងារដូចដើមវិញហើយ

Leave a Reply

Your email address will not be published. Required fields are marked *