Breaking News

update: តុលាការខេត្តកណ្ដាល សម្រេចចោទប្រកាន់ និងឃុំខ្លួនចោរប្លន់២នាក់ដាក់ពន្ធនាគារ ក្រោយធ្វើសកម្មភាពប្លន់ នៅភូមិសាស្ត្រស្រុកអង្គស្នួល

កណ្ដាល៖ លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៉ើបសួរ និងលោក​ ជិន លីដា តំណាងអយ្យការ បានសម្រេចចោទប្រកាន់ និងឃុំខ្លួនចោរប្លន់២នាក់ដាក់ពន្ធនាគារ ក្រោយធ្វើសកម្មភាពប្លន់នៅភូមិសាស្ត្រស្រុកអង្គស្នួល ពីបទ «អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា» ដោយចោទប្រកាន់តាមមាត្រា៣៥៣ និង ៣៥៧ នៃក្រមព្រហ្មទណ្ឌ ។

នេះបើតាមលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានឱ្យដឹងនាល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២៣នេះថា​ មាត្រា៣៥៣- និយមន័យនៃអំពើលួច៖ អំពើលួចគឺជាអំពើដែលដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើកម្មសិទ្ធិរបស់ខ្លួន។

មាត្រា៣៥៧- ស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ៖ អំពើលួចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី ៣ ឆ្នាំទៅ ១០ ឆ្នាំក្នុងករណីដូចតទៅ ៖ ១. អំពើលួចនេះប្រព្រឹត្តទៅមុនពេល ក្នុងពេល ឬក្រោយពេលប្រើអំពើហិង្សា។ ២ . អំពើលួចនេះប្រព្រឹត្តទៅដោយកាប់គាស់ទម្លុះទម្លាយ ។

ដំណើររឿងប្លន់និងចាប់បានមានដូចខាងក្រោម កម្លាំងនគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាល សហការជាមួយនគរបាលខណ្ឌកំបូល រាជធានីភ្នំពេញ បានចាប់ខ្លួនចោរប្លន់ម៉ូតូចំនួន២នាក់ក្នុងចំណោម៣នាក់ ក្រោយធ្វើសកម្មភាពប្លន់ម៉ូតូពីនារីម្នាក់កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅផ្លូវលំខ្នងប្រឡាយតាហោ ភូមិកណ្តោស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ការចាប់ខ្លួនបានធ្វើឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣​ជនសង្ស័យមានគ្នា៣នាក់ ហើយឃាត់ខ្លួន២នាក់ ម្នាក់ឈ្មោះ ផេង សុផាន់ណា អាយុ៤១ឆ្នាំ និងឈ្មោះ ផេង រ៉ា អាយុ៤៣ឆ្នាំ។ រីឯអ្នកគេចខ្លួននោះឈ្មោះ ភួង ថន ហៅត្រេន អាយុ៥៥ឆ្នាំ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆយ សុឡុត ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅភូមិកណ្តោស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះ កម្លាំងនគរបាលផ្នែកជំនាញបានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍លំហាចចុះស្រាវជ្រាវស៉ើបអង្កេត ទើបកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន២នាក់ ជាមួយវត្ថុតាងមួយចំនួន។ ក្រោយឃាត់ខ្លួនរួច កម្លាំងសមត្ថកិច្ចបាននាំជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំបន្ត។

ដោយមានបញ្ជារពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងដោយមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានអនុញ្ញាតឱ្យកម្លាំងផ្នែកជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍បឹងធំ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល រាជធានីភ្នំពេញ និងអាជ្ញាធរភូមិ សង្កាត់ បន្តការឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យនៅចំណុចភូមិទួលស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត និងដោយមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញា បានអនុញ្ញាតឱ្យកម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានដកហូតម៉ូតូ១គ្រឿងម៉ាក ZOOMER X ផលិតឆ្នាំ២០១៨ ដែលជនសង្ស័យឈ្មោះ ភួង ថន តែងជិះធ្វើសកម្មភាព និងជិះចាំទទួលទិញម៉ូតូពីជនសង្ស័យដែលធ្វើសកម្មភាពបាន៕

 

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *