Breaking News

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរ រាជធានី ខេត្ត ត្រូវចុះដោះស្រាយបន្ទាន់ជូនកម្មករ-កម្មការិនីនៅពេលដែលមានវិវាទណាមួយកើតឡើង

ខេត្តកណ្តាល៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ណែនាំដល់បណ្តាអភិបាលរាជធានី ខេត្ត ទាំងអស់ ត្រូវចុះដោះស្រាយជូនដល់បងប្អូនកម្មករ-កម្មការិនីជាបន្ទាន់ នៅពេលដែលពួកគាត់មានបញ្ហាអ្វីមួយ ជាមួយរោងចក្រ ដោយកុំ​បណ្តោយ​ឱ្យពួកគាត់ ឈានដល់ការឡើងដល់តុលាការនោះ។ ការលើកឡើងរបស់ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួនជិត២ម៉ឺននាក់ នៅសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ដែល​មកពីរោងចក្រសហគ្រាសចំនួន១៩ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំសុំបញ្ជាក់ជាមួយអស់លោកខេត្តទាំងអស់ កិច្ចការដែលត្រូវបានប្រគល់ជាបន្តបន្ទាប់ ខិតខំដោះស្រាយបញ្ហាការមិនចុះសម្រុង​ណាមួយ​រវាងកម្មករ ជាមួយនឹងម្ចាស់រោងចក្រឱ្យបានលឿនបំផុត កុំរង់ចាំតែក្រសួងការងារ គឺអស់​លោកចៅហ្វាយខេត្តត្រូវតែនាំមុខ ឬ ប្រគល់ឱ្យអនុខេត្តណាមួយធ្វើ តាមដានរឿងឱ្យ​ជាប់​ជាមួយនឹងមន្ទីរការងារ រួចហើយពេលដែលមានការឃើញថាសំណុំរឿងត្រូវធ្វើការបន្ទាន់ ត្រូវអញ្ជើញថៅកែរោងចក្រ មកនិយាយដោយស្ងាត់ស្ងៀម និងអញ្ជើញកម្មករមកជួបជុំគ្នា ដើម្បីដោះស្រាយ។ មានតែវិធីនេះទេ កុំឡើងតុលាការ រឿងរ៉ាវវែងឆ្ងាយណាស់»។ សម្ដេច​តេជោ​ថ្លែងបន្តថា សុខុដុមការងាររវាងកម្មករ កម្មការិនី និងថៅកែរោងចក្រ គឺជាការ​បំពេញ​ឱ្យគ្នាទៅវិញទៅមក កម្មករមានការងារធ្វើប្រាក់ខែសមរម្យ ឯរោងចក្រដំណើរការបានរលូនល្អ ទទួលបានប្រាក់ចំណេញ។

សម្តេចតេជោនាយករដ្ឋមន្រ្ដីរំពឹងថា រោងចក្រសហគ្រាសនីមួយៗ នឹងក្លាយទៅជា​កន្លែង​សុខសាន្ត និងសម្បូរសប្បាយ ដោយពុំមានអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន និង​មិនមែនជាកន្លែងប្រណាំងម៉ូតូ។ សម្តេចតេជោបានប្រាប់ដល់បងប្អូនកម្មករ-កម្មការិនី​ទាំងអស់​ត្រូវចងចាំថា ពួកប្រឆាំង ជាពិសេសមេបក្សប្រឆាំងតែម្តង​តែងតែវាយបំបែកឆ្នាំង​បាយ​របស់​កម្មករ តាមរយៈធ្វើការញុះញង់ និងអំពាវនាវឱ្យបរទេសមិនទិញផលិតផលខ្មែរ និងមិនឱ្យ​បរទេសមកធ្វើការវិនិយោគនៅស្រុកខ្មែរ។

សម្តេចតេជោក៏បានណែនាំឱ្យកម្មករ កម្មការិនី យក​​ច្បាប់ការងារជាម៉ែត្រវាស់ ហើយ​ត្រូវប្រកាន់យកនូវការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយមានការចូលរួមពីសំណាក់​សហ​ជីព អាជ្ញាធរ ម្ចាស់រោងចក្រ និងកម្មករ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *