Breaking News

លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺដោយសារការខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋទ្វេដង

ខេត្តតាកែវ៖ ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺដោយសារការខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋទ្វេដង។ នេះជាសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ៖ ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺដោយសារការខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋទ្វេដង ជាពិសេសការកំណត់យកសុខទុក្ខរបស់ប្រជាជនជាអាទិភាព តាមរយៈការរៀបចំគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, មន្ទីរពេទ្យ, វត្តអារាម, សាលារៀន និងខិតខំជួយប្រជាជនក្នុងគ្រាលំបាកដោយមិនទុកប្រជាជនណាម្នាក់ចោលនោះទេ។ ក្រៅពីនេះ ក៏មានការរៀបចំគោលនយោបាយជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត តាមរយៈការផ្តល់នូវរបបសន្តិសុខសង្គម និងកិច្ចអន្តរាគមន៍ជួយសង្គ្រោះផ្សេងៗបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក៏ដូចជាការខិតខំពង្រឹងសមត្ថភាពក្នុងការលើកកម្ពស់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែលឿនរហ័ស និងជាទីពេញចិត្តសម្រាប់ប្រជាជន។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា, គណបក្សប្រជាជនកម្ពុជាអាចបន្តសម្រេចសមិទ្ធផលជូនជាតិ និងប្រជាជន គឺអាស្រ័យដោយគោលនយោបាយរបស់គណបក្ស ពីព្រោះគោលនយោបាយរបស់គណបក្ស នឹងក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅពេលឈ្នះការបោះឆ្នោត។ ដោយគោលនយោបាយត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ទើបប្រទេសជាតិយើងមានការរីកចម្រើនដល់បច្បុប្បន្ន ហើយគណបក្សក៏នឹងបន្តរៀបចំ និងអនុវត្តន៍នូវនយោបាយដែលត្រឹមត្រូវបន្តទៅមុខទៀត។ គោលនយោបាយល្អ ក៏មិនអាចជោគជ័យទាំងស្រុងនោះដែរ គឺត្រូវទាមទារឱ្យមានប្រតិបត្តិករដ៏ស្មោះត្រង់ និងមានសមត្ថភាព ទើបអាចទទួលបានជោគជ័យ។ ក្នុងន័យនេះ យុវជនគឺជាកម្លាំងប្រតិបត្តិករយ៉ាងសំខាន់ចំពោះការចូលរួមដោយផ្ទាល់ក្នុងការបម្រើប្រទេសជាតិ តាមរយៈការចូលរួមជីវភាពនយោបាយក្នុងនាមជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា។ ដូច្នេះ យើងត្រូវបន្តរួមសាមគ្គីគ្នាឱ្យបានរឹងមាំ និងអនុវត្តគ្រប់ភារកិច្ចតាមឋានានុក្រមពីលើដល់ក្រោម ក្នុងការងារបម្រើប្រជាជន ហើយត្រូវលុបបំបាត់នូវរាល់សកម្មភាពអវិជ្ជមានដែលអាចបង្កការថ្នាំងថ្នាក់ដល់ប្រជាជន ដើម្បីធ្វើយ៉ាងណាធានាការពាររាល់ផលប្រយោជន៍របស់ប្រជាជនក្នុងគ្រប់កាលៈទេសៈ។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បន្តថា , ជោគជ័យ និងប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសមិទ្ធផលរបស់សង្គមជាតិដែលយើងកំពុងមានសព្វថ្ងៃ អាចនឹងរលាយបាត់បង់យ៉ាងងាយបំផុត ប្រសិនបើកម្លាំងយុវជនដែលជាចលករយ៉ាងមុតស្រួច និងមានបរិមាណដ៏ច្រើនក្នុងសង្គមប្រជាធិបតេយ្យ មានភាពមិនច្បាស់លាស់ ហើយធ្វើការសម្រេចចិត្តខុសឆ្គង ដោយចូលរួមធ្វើសកម្មភាពប្រាសចាកពីគោលការណ៍ច្បាប់ ដែលបង្កជាចលាចលប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងដំណើរការនៃការអភិវឌ្ឍជាតិ។ ដូច្នេះ ក្នុងនាមជាយុវជនដែលជាកម្លាំងស្នូលពោរពេញដោយថាមភាព និងសក្តានុពលសម្រាប់បន្តវេន ជាពិសេសក្នុងនាមជាសកម្មជនបក្សដែលទទួលបានទំនុកចិត្តពីបក្ស យើងត្រូវប្តេជ្ញាបន្តថែរក្សាសមិទ្ធផលសព្វថ្ងៃឱ្យបានគង់វង្សសម្រាប់អ្នកជំនាន់ក្រោយៗទៀត ហើយចំពោះមុខនេះ គឺការចូលរួមការពារប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានាបានថា គោលនយោបាយជាយុទ្ធសាស្ត្រក្នុងការពារសុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ គឺនឹងត្រូវបានអនុវត្តន៍បន្តទៅមុខ ជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជនយើង ៕

Check Also

អ្នកនាំពាក្យនិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្រាប់ឲ្យលោកចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសម័យតេជោអភិវឌ្ឍន៍ប្រញាប់ចូលមកបំភ្លឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *