Breaking News

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី ប្រជាពលរដ្ឋស្រុកពារាំង និងស្រុកស៊ីធរកណ្តាលនៃខេត្តព្រៃវែង

ខេត្តព្រៃវែង៖ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាស្រុកពារាំង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី ប្រជាពលរដ្ឋស្រុកពារាំង និងស្រុកស៊ីធរកណ្តាល ជាង៣០០នាក់ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាបេក្ខជន ពេញសិទ្ធ និងបម្រុងចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ រដ្ឋសភា។

លោក ឈុន សារ៉ាត ប្រធានគណបក្សស្រុកពារាំង បានមានប្រសាសន៍ថា ស្រុកពារំាងមានសមាជិកគណបក្សប្រជាជនកម្ពុជាសរុបចំនួន៨៨៨.១២៥នាក់ស្រី៤៤.៩៦៣នាក់ប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងទៅសរុបចំនួន៩០.៨២៤នាក់ស្រី៤៧.៩៤៣នាក់។ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងស្រុកមានភាពល្អប្រសើរ និងមានបទល្មើសតិចតួច។ ដោយឡែកលើវិស័យកសិកម្មប្រជាពលរដ្ឋ បានធ្វើស្រែចម្ការបានទិន្នផលល្អនិងមានជីវភាពរស់នៅសមរម្យ។គណបក្សស្រុក បានចុះសំណេះសំណាលតាមខ្នងផ្ទះ ជួយដោះស្រាយបញ្ហារប្រឈមនានារបស់ប្រជាពលរដ្ឋនៅស្រុកពារាំង និងស្រុកស៊ីធរកណ្តាល ទទួលបានការស្រឡាញ់និងជឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា ស្រុក បានត្រៀមរួចរាល់សម្រាប់យុទ្ធនាការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ រដ្ឋសភា។

ថ្លែងក្នុងពិធីសំណេះសំណាល ឯកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ឯកឧត្តម សូមនាំយកមកនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឺទ្ធសភា សម្តេចអគ្គពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបងជូនប្រជាពលរដ្ឋស្រុកពារាំង និងស្រុកស៊ីធរកណ្តាលក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស។ទន្ទឹមនឹងនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប លើកឡើងថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ក្រោមម្លប់សនិ្តភាពពេញលេញ និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្ត ជាច្រើនឥតគណនាដែលកើតឡើងពីការខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នាក្នុងការស្តារ និងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លិចបំផ្លាញ ញាំញីដោយសារភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ អស់ជាច្រើនទសវត្សឱ្យក្លាយជាទឹកដីមួយដែលពោរពេញ ដោយសុខសន្តិភាព ស្ថិរភាព និងមានការរីកចម្រើនឥតឈប់ឈរនិងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។

ក្នុងឱកាសនោះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានលើកឡើងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ដោយកសាងបាននូវសមិទ្ធផលជាច្រើនគ្រប់វិស័យនៅទូទាំងប្រទេសដូចដែលយើងទាំងអស់គ្នាបានដឹង និងបានឃើញស្រាប់។
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានគូសបញ្ជាក់អំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមានដូចជាកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានសំណូមពរដល់ប្រធាន អនុប្រធាន និងសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ជួយពន្យល់ណែនាំដល់សាច់ញាតិ និងអ្នកដទៃទៀត សូមផ្ដល់សេចក្ដីទុកចិត្តជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំប្រទេស តាមរយៈការបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះជាបន្តទៀត ព្រោះគណបក្សប្រជាជនកម្ពុជាមានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ រឹងមាំ និងជាតួអង្គស្នូលនៃការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិរហូតមក៕

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *