ភ្នំពេញ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ចុះឃាត់ចាប់រថយន្តចំនួន ១គ្រឿង ម៉ាកHYUNDAI ជាប្រភេទរថយន្តសណ្ដោងរ៉ឺម៉កចំណុះ ១៦តោន ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-2321 ដឹកសត្វគោក្របីរស់ចំនួន ៤០ក្បាល មកពីប្រទេសថៃ តាមច្រកអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ក្នុងប្រតិបត្តិការបង្ក្រាបនេះ ដោយមានការបញ្ជាផ្ទាល់ពី លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានធ្វើឡើងនៅវេលម៉ោង ១:២នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ រថយន្តនេះ កំពុងធ្វើដំណើរឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយផ្ទុយពីលិខិតអនុញ្ញាត ដែលម្ចាស់សត្វស្នើសុំដឹកជញ្ជូនសត្វគោក្របីរស់ចេញពីប្រទេសថៃ ឆ្លងកាត់ប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម។
សមត្ថកិច្ចជំនាញ បានស្ទាក់ចាប់នៅលើផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំពោះបទល្មើសខាងលើនេះ មន្ត្រីជំនាញបាននាំយកវត្ថុតាង និងបទល្មើសទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕