Breaking News

លោក បណ្ឌិត ហ៊ុន ម៉ាណែត : «ទីណាប្រជាជនមានទុក្ខ គឺមានមុខរបស់គណបក្សប្រជាជនកម្ពុជា»

ភ្នំពេញ៖ «ទីណាប្រជាជនមានទុក្ខ គឺមានមុខរបស់គណបក្សប្រជាជនកម្ពុជា»។ នេះជាសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣ ។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ៖ សូមចូលរួមអបអរសាទរចំពោះពិធីរំឭកខួបលើកទី ៤៦ ឆ្នាំ នៃដំណើរឆ្ពោះទៅរកការរំដោះជាតិចេញពីរបបប៉ុលពត ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋ និងបំផ្លិចបំផ្លាញសមិទ្ធផលជាតិ ដោយបង្កនូវភាពសោកសង្រេងដល់ប្រជាជនកម្ពុជាគ្រប់ក្រុមគ្រួសារ និងមហាវិនាសកម្មដល់សង្គមជាតិកម្ពុជាទាំងមូល ។ ទោះបីព្រឹត្តិការណ៍ទាំងនេះ បានក្លាយជារឿងរ៉ាវប្រវត្តិសាស្ត្រទៅហើយក្តី ប៉ុន្តែសច្ចភាពមួយដែលមិនសាបសូន្យ គឺ សម្តេចតេជោ រួមនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាវីរជនដែលបានរំដោះជាតិ និងប្រជាជនឱ្យរួចផុតពីរបបសាហាវយង់ឃ្នង ប៉ុល ពត ហើយក្នុងរយៈពេលប្រមាណ ៤៤ ឆ្នាំ កន្លងមកនេះ ពួកគាត់ក៏បាននៅបន្តការពារ និងបម្រើប្រជាជន និងមិនធ្លាប់បោះបង់ចោលប្រជាជនទ្បើយ ទោះក្នុងកាលៈទេសៈលំបាកបំផុតយ៉ាងណាក៏ដោយ «ទីណាប្រជាជនមានទុក្ខ គឺមានមុខរបស់គណបក្សប្រជាជនកម្ពុជា»។

លោក បណ្ឌិត ហ៊ុន ម៉ាណែត សូមសម្តែងនូវការដឹងគុណចំពោះសមិទ្ធផល ដែលយុវជនរៀមច្បងបានតស៊ូ លះបង់ និងបន្សល់ទុកឱ្យរហូតមកដល់បច្ចុប្បន្ននេះ ហើយក៏សូមប្តេជ្ញាចិត្ត និងរួមកម្លាំងយកជ័យជម្នះនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ ដើម្បីថែរក្សាសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ និងបន្តអភិវឌ្ឍឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត លើមូលដ្ឋាននៃម្លប់រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ, គោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, នីតិរដ្ឋ និងការប្រកាន់ខ្ជាប់នូវផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានរម្លឹក ថា , គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏រឹងមាំរបស់ប្រជាជន ក្នុងការធានាការពារសន្តិភាព ស្ថិរភាព ភាពសុខសាន្ត វឌ្ឍនភាព និងវិបុលភាព ហើយក៏អាចនិយាយបានថា គឺជាគណបក្សតែមួយគត់ ដែលតែងបានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីជាតិ និងប្រជាជន ។ ការទទួលបាននូវទំនុកចិត្តរបស់ប្រជាជន ដែលជាជោគជ័យធំរបស់គណបក្សយើងកន្លងមកនេះ គឺដោយសារគណបក្សបានកសាងសមិទ្ធផលជាច្រើនជូនជាតិទាំងក្នុងអតីតកាល និងបច្ចុប្បន្ន ហើយក៏មានចក្ខុវិស័យវែងឆ្ងាយសម្រាប់អនាគតផងដែរ។ ដូច្នេះ ក្នុងនាមយើងទាំងអស់គ្នាជាកោសិកាបន្តវេនរបស់គណបក្ស គឺចាំបាច់ត្រូវបន្តនូវស្មារតី, ប្រពៃណី, គំរូវីរភាព និងបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់បក្ស ព្រមជាមួយនឹងការបន្តពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានល្អរឹងមាំ ដើម្បីរក្សាប្រៀបឈ្នះរបស់បក្ស និងភាពសុខសាន្តរបស់ប្រជាជនជានិច្ចនិរន្តរ៍។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា, ការជួបជុំរបស់សកម្មជនយុវជនបក្សក្នុងថ្ងៃនេះ គឺជាលទ្ធផលនៃការរៀបចំរចនាសម្ព័ន្ធ និងការបែងចែកភារកិច្ចការងារ ក៏ដូចជាការទទួលខុសត្រូវបានច្បាស់លាស់រឹងមាំ ដែលពិតជាបានបង្ហាញអំពីសាមគ្គីឯកភាពផ្ទៃក្នុងល្អរបស់កម្លាំងសកម្មជនយុវជនគណបក្សយើង សំដៅចូលរួមចំណែកបំពេញបេសកកម្ម និងសម្រេចសមិទ្ធផលវិជ្ជមានកាន់តែច្រើនឡើងថែមទៀតជូនជាតិ និងប្រជាជន ស្របតាមបុព្វហេតុ និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ សន្ទស្សន៍ឆ្នាំ២០២២ អាចជាតម្រុយវិជ្ជមានសម្រាប់បក្សយើងក្នុងឆ្នាំ២០២៣ នេះ ប៉ុន្តែយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាចាំបាច់ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីធានាប្រៀបឈ្នះជានិច្ចនិរន្តរ៍៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *