Breaking News

តំណាងពលរដ្ឋទាំង៥៣គ្រួសារ មានទំដីធ្លីដ៏រ៉ាំរ៉ៃ បន្តដាក់ពាក្យស្នើសុំអន្តរាគមន៍ ពីសម្ដេចក្រឡាហោម ស ខេង  និងឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

ព្រះសីហនុ ៖ កាលពីរសៀលថ្ងៃ២៥ ខែតុលា ឆ្នាំ២០២១នេះ តំណាងប្រជាពលរដ្ឋប្រមាណ៥៣គ្រួសារ ដែលមានទំនាស់ដ៏រាំរ៉ៃរឿងដីធ្លីជិត៤ឆ្នាំ បានបន្តផ្តិតមេដៃដាក់ពាក្រស្នើសុំអន្តរាគមន៍ទៅអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងមហាផ្ទៃ មេត្តាចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះស៊ើបអង្កតស្រាវជ្រាវ នៅលើដីរបស់ពួកគាត់ ដែលធ្លាប់កាន់កាប់នឹងអាស្រ័យផលចំនួន១២១ហិកតា៦០អា ដែលមានកាស៊ីញ៉េចុះលេខទទួលស្គាល់ លើលិខិតកាន់កាប់ និងផ្តេសិទ្ធិពីអាជ្ញាធរភូមិ-ឃុំត្រឹមត្រូវ ។

យោងតាមលិខិតស្នើសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋដែលបានដាក់ជូនទៅឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ឹនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងគោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានខ្លឹមសារថា យើងខ្ញុំតំណាងឲ្យប្រជាពលរដ្ឋចំនួន៥៣គ្រួសារ រស់នៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ សូមគោរពជូនឯកឧត្តមប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងសម្តេចក្រឡាហោម មេត្តាជ្រាបថា៖ យើងខ្ញុំទាំងអស់គ្នា បានកាន់កាប់ដីខាងលើនេះ តាំងអំឡុងឆ្នាំ១១៩៦ និងឆ្នាំ១៩៩៧ មកម្ល៉េះ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា ដីដែលក្រុមហ៊ុនកំពុងកាន់កាប់មួយចំនួន ដែលបានកាប់ឆ្ការ, ដុត, ឈូសឆាយ និងដាំដើមកាស្សាសព្វថ្ងៃនេះ គឺជាដីរបស់ពួកគាត់ដែលចំនួន៥៣គ្រួសារ ដែលយើងខ្ញុំទាំងអស់គ្នា បានខិតខំកាប់ឆ្ការធ្វើចំការវិលជុំអាស្រ័យផលនៅលើដីលើនេះ តាំងអំឡុងឆ្នាំ១១៩៦ និងឆ្នាំ១៩៩៧មកម្ល៉េះ គឺចាប់ពីលើដីបម្រុងបក្សឃុំ។

ប្រជាពលរដ្ឋបន្តថា នៅពេលដែក្រុមនិស្សិតស្ម័គ្រចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ចុះវាស់វែងនៅអំឡុងឆ្នាំ២០១១ និងឆ្នាំ២០១២ ពួកយើងខ្ញុំក៏បានស្នើសុំក្រុមការងាររបស់និស្សិតឲ្យចុះវាស់វែងឲ្យដែរ គឺចាប់ពីដីម្រុងបក្សឃុំឡើងទៅលើ តែក្រុមការងារវាស់វែងបានប្រាប់ពួកយើងខ្ញុំថា ដីនេះវាស់មិនកើតទេ ព្រោះដីខ្ពស់មានថ្មច្រើន ខ្លាចពាក់ព័ន្ធនិងដីឧទ្យានជាតិ។

ប្រជាពលរដ្ឋបន្តទៀតថា ចឹងបើក្រុមការងារមិនវាស់ឲ្យក៏អត់ចុះ ពួកយើងចេះតែធ្វើចំការដាំស្រូវបានផលបន្តិចបន្តួចគ្រាន់ទុកហូប ស្រាប់តែមកដល់ឆ្នាំ២០១៣ ក៏មានក្រុមលោក ម៉េង ថេង (ហៅតាវែង) បច្ចុប្បន្នជាមេបញ្ជាការផ្នែកសឹករងស្រុកកំពង់សីលា បានចុះដើរទិញដី ដើម្បីរៀបលក់បន្តទៅឲ្យក្រុមហ៊ុនលោក ឧកញ៉ា ម៉ុងរិទ្ធី ដើម្បីដាំដូងប្រេង ដោយពួកយើងខ្ញុំបានព្រមព្រៀងលក់ទៅឲ្យលោក ម៉េង ថេង និងបានធ្វើលិខិតផ្ទេសិទ្ធិស៊ីញ៉េបោះត្រា មានការទទួលស្គាល់ពីអាជ្ញាធរភូមិ-ឃុំដឹងឭត្រឹមត្រូវ។ ប៉ុន្តែក្រោយមកលោក ម៉េង ថេង បានប្រាប់មកពួកយើងខ្ញុំវិញថា ខាងក្រុមហ៊ុនមិនទិញដីនេះទេ ព្រោះខាងក្រុមហ៊ុនមិនត្រូវការដីដែលមានថ្មច្រើនពេក ហើយពេលនោះលោក ម៉េង ថេង ក៏បានប្រគល់លិខិតកាន់កាប់ដីធ្លី និងផ្ទេសិទ្ធិលើការទិញលក់នោះមកឲ្យប្រជាពលរដ្ឋវិញ ដោយព្រមដាច់លុយកក់ដែលលោកបានកក់មកឲ្យប្រជាពលរដ្ឋនោះទៀតផង តាំងពីពេលនោះមកក៏គ្មានទំនាស់នៅលើដីនេះ ជាមួយនិងបុគ្គលណាដែល។

ទើបតែនៅចុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨ ស្រាប់តែមានក្រុមហ៊ុនយកគ្រឿងចក្រមកឈួសឆាយលើដីរបស់យើងខ្ញុំទៅវិញ ក្រោយមកពួកយើងខ្ញុំក៏បានតវ៉ា និងឃាត់គ្រឿងចក្រកុំឲ្យមានការឈួសឆាយ ហើយក៏បានជំរាបប្រាប់ទៅអាជ្ញាធរមូលដ្ឋានដែរ តែខាងអាជ្ញាធរមិនអើពើសោះ ក្រោយមកទៀតយើងខ្ញុំក៏បានដាក់ពក្យស្នើសុំអន្តរាគមន៍ពីលោកអភិបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធ រហូតដល់អាជ្ញាធរស្រុកបង្កើតក្រុមការងារចម្រុះដឹកនាំដោយលោក តុប ពេញ ចុះវាស់វែងដំឡើងប្លង់ក៏រកឃើញឈ្មោះអស់ហើយ។ ប៉ុន្តែលោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់សីលា មិនបានដោះស្រាយឲ្យទេ គឺមានតែហៅប្រជាពលរដ្ឋសួរចម្លើយ ហើយសំឡុតគំរាមតែប៉ុណ្ណោះ ហេតុដូចនេះ សូមឯកឧត្តមអភិបាលខេត្ត មេត្តាជួយរកយុត្តិធម៌ជូនពួកយើងខ្ញុំផង។

ក្រុមប្រជាពលរដ្ឋ បានបន្តឲ្យដឹងទៀតថា ដីនេះគឺពួកយើងខ្ញុំធ្លាប់កាន់កាប់ នឹងអាស្រ័យផលមានចំនួន១២១ហិកតា៦០អា ដែលមានកាស៊ីញ៉េចុះលេខទទួលស្គាល់ លើលិខិតកាន់កាប់ និងផ្តេសិទ្ធិពីអាជ្ញាធរភូមិ-ឃុំត្រឹមត្រូវ។ ប៉ុន្តែឥឡូវនេះបែរជាមានឈ្មោះអាជ្ញាធរមូលដ្ឋានមួយចំនួន និងមានឈ្មោះបុគ្គលផ្សេង ដែលមិនបានមកកាប់ឆ្ការអាស្រ័យផលលើដីនោះទេ ហើយជនទាំងនោះ ក៏មិនមានទីលំនៅក្នុងមូលដ្ឋាននោះដែរ តែបែរជាមានឈ្មោះកាន់កាប់នៅលើដីនោះទៅវិញ។

ប្រជាពលរដ្ឋបានបញ្ជាក់យ៉ាងដូច្នេះថា ចំពោះរឿងចុចលេខពង់គួប្លង់ដីនេះ អាចជាប់ពាក់និងលោក ហួត បូរ៉ា បច្ចុប្បន្នធ្វើការខាងផ្នែកសុរិយោដីនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រោះកាលណោះលោក ហួត បូរ៉ា ជាក្រុមការងារនិស្សិតស្ម័គ្រចិត្តរបស់សម្តេចតេជោ ចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅស្រុកកំពង់សីលា ដែលមានតួនាទីជាអ្នកគួប្លង់ផែនទី និងទិន្នន័យដី ដែលក្រុមនិស្សិតបានចុះវាស់វែង។ យោងតាមលិខិតអន្តរាគមន៍របស់ប្រជាពលរដ្ឋ បានបញ្ជាក់ថា នៅពាក់កណ្តាលឆ្នាំ២០២១នេះ បានបែកធ្លាយរឿងលោក ហួត បូរ៉ា បានព្រមព្រៀងលក់ដីចំនួន៦ក្បាលដី រួមមានលេខ ៤០០, ៤០១, ៤០២, ៨៦, ៦៩ និង៣៩៩ ទៅឲ្យលោកស្រី ចិន ផល្លី ជាសមាជិកក្រុមប្រឹក្សាស្រុកកំពង់សីលា ដោយក្នុងមួយហិកតាមានតម្លៃ២០០០$ (ពីពាន់ដុល្លារអាមេរិកគត់) ដែលបានធ្វើលិខិតទិញលក់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។

នៅក្នុងនោះដែរ លោក ហួត បូរ៉ា ក៏បានធ្វើលិខិតទទួលប្រាក់ចំនួន១០០០០$ (មួយមឺនដុល្លារអាមេរិកគត់) ក្នុងការរត់ការធ្វើប្លង់រឹងទាំង៦ក្បាលដីនោះទៅឲ្យអ្នកស្រី ចិន ផល្លី សមាជិកក្រុមប្រឹក្សាស្រុកកំពង់សីលា ដែលលិខិនោះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ដោយមានកំណត់រយៈពេលត្រឹមបីខែ និងបានទទួលប្រាប់គ្រប់ចំនួនថ្លៃរត់ការធ្វើប្លង់រឹងទាំង៦ក្បាលដីនោះ ចំនួន១៥០០០$ (មួយមឺនប្រាំពាន់ដុល្លារអាមេរិក) ដែលបានធ្វើលិខិតប្រគល់ទទួលធ្វើនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

បងប្អូនប្រជាពលរដ្ឋបានលើកជាសំនួរថា «តើលោក ហួត បូរ៉ា ជាមន្ត្រីសុរិយោដី និងជាអ្នកគួប្លង់ផែនទីសោះ ហេតុអ្វីបានជាមានដីផ្ទាល់ខ្លួនច្រើនម្ល៉េះ? តើលោកមកកាន់កាប់ដីនេះ តាំងពីពេលណា? ហើយលោកបានទិញដីនោះពីបុគ្គលណាដែរ? បើលោកទើបតែមកធ្វើការជាមួយក្រុមនិស្សិតសម្ដេចតេចតេជោ ក្នុងអំឡុងឆ្នាំ២០១១-២០១២នេះសោះ ហេតុអ្វីមានដីផ្ទាល់ខ្លួនច្រើនម្ល៉េះ? ហើយថែមទាំងមានឈ្មោះ សេង សុភាព ដែលត្រូវជាប្រពន្ធរបស់លោក ហួត បូរ៉ា នៅលើក្បាលដីលេខ៨២១ ស្ថិតនៅក្នុងឃុំកំពង់សីលា និងឈ្មោះ សេង ម៉ារីណា ត្រូវជាប្អូនស្រីថ្លៃរបស់លោក ហួត បូរ៉ា ដែលមានឈ្មោះនៅលើក្បាលដីលេខ២៧៦ ស្ថិតក្នុងឃុំអូរបាក់រទេះ ដែលប្លង់នេះ បានគ្រប់គ្រងលើដីប្រជាពលរដ្ឋ»។

កន្លងមកនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ លោក ហួត បូរ៉ា អនុប្រធានការិយាល័យសុរិយោដីស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រាប់តាមទូរស័ព្ទ ឲ្យក្រុមអ្នកសារព័ត៌មានបានដឹងថា «ឈ្មោះ សេង សុភាព ពិតជាប្រពន្ធរបស់លោកមែន ហើយពិតជាបានកាន់កាប់នៅក្បាលដីលេខ៨២១ ស្ថិតក្នុងឃុំកំពង់សីលាមែន។ ហើយឈ្មោះ សេង ម៉ារីណា ពិតជាប្អូនស្រីថ្លៃរបស់លោកពិតមែន ដែលបានកាន់កាប់នៅលើក្បាលដី២៧៦ ស្ថិតក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ»។ ចំពោះរឿងថា លោកបានលក់ដីចំនួន៦ក្បាលដី ឲ្យទៅអ្នកស្រី ចិន ផល្លី ឬអត់នោះ លោក ហួត បូរ៉ា បានឆ្លើយប្រាប់ថា «រឿងទិញលក់ដីនោះ សូមបងមើលលើលិខិតទិញលក់ទៅ គឺភាគីអ្នកទិញបានតែកក់លុយឲ្យទេ ហើយរឿងលោកមិនមានជាប់ពាក្យព័ន្ធនិងប្រជាពលរដ្ឋនោះទេ គឺលោកជាប់ពាកព័ន្ធនិងឈ្មោះ វិចិត្ត»។ «ហើយរឿងលោកទិញដីនោះ ពីអ្នកណានោះ លោកភ្លេចបាត់ហើយ ព្រោះរកឯកសារមិនឃើញ»។

លោកបញ្ជាក់ថា «ក្បាលដីចំនួន៦នោះ គឺមិនទាន់មានប្លង់ទេ គឺជាប់ពាក់ព័ន្ធនិងឈ្មោះ វិចិត្ត ខាងទាហាននោះប្តឹង ទើបមិនបានចេញប្លង់»។ លោក ហួត បូរ៉ា បញ្ជាក់ថា «កាលនឹងលោកបានលក់ដីចំនួន៦ក្បាលដី ឲ្យទៅឈ្មោះ ចិន ផល្លី មែន តែក្រោយមកអ្នកស្រីចិន ផល្លី នោះបានទៅដោះស្រាយជាមួយឈ្មោះ វិចិត្ត នោះដោយខ្លួនឯង។ ចំពោះរឿងថា លោកទទួលលុយក្នុងការរត់ការធ្វើប្លង់រឹងនៅលើក្បាលដីចំនួន៦ក្បាលដីនោះ លោកថា លោកបានប្រគល់លុយឲ្យទៅអ្នកស្រី ចិន ផល្លី វិញហើយ មានទាំងលោកស្នងការរងម្នាក់មកជាមួយផង»។

ដោយឡែក អ្នកស្រី ចិន ផល្លី សមាជិកក្រុមប្រឹក្សាស្រុកកំពង់សីលា ក៍បានប្រាប់ឲ្យដឹងដែថា «អ្នកស្រីមិនបានទិញដីចំនួន៦ក្បាលដីនោះពីលោក ហួត បូរ៉ា នោះទេ»។ ហើយរឿងថា អ្នកស្រីបានប្រគល់លុយឲ្យទៅលោក ហួត បូរ៉ា ដើម្បីធ្វើប្លង់រឹងចំនួន៦ក្បាលដីនោះ អ្នកស្រី ចិន ផល្លី បានប្រាប់ថា រឿងនឹងគឺគាត់បានដោះស្រាយគ្នាចប់អស់ហើយ។ អ្នកស្រីសមាជិកក្រុមប្រឹក្សាស្រុកកំពង់សីលា បានបញ្ជាក់ទៀតថា ដីចំនួន៦ក្បាលដីនោះ គឺមិនមានប្លង់រឹងនោះទេហើយមានទិន្នន័យនោះ។

នេះបើតាមប្រភពពីអាជ្ញាធរបានលួចទម្លាយប្រាប់ថា កន្លងទៅឈ្មោះ សេន ម៉ារីណា ដែលមានឈ្មោះនៅលើក្បាលដីលេខពង់ ២៧៦ តែមិនទាន់ចេញប័ណ្ណ ដោយសារក្រុមប្រជាពលរដ្ឋរស់នៅភូមិក្រាំងអាត់ចាស់ និងភូមិស្ទឹងសំរោង ដែលមានលិខិតកាន់កាប់ និងលិខិតបញ្ជាក់ប្រវត្តដី ទទួលស្គាល់ត្រឹមអាជ្ញាធរភូមិ-ឃុំ បានប្តឹងជុំទាស់មិនឲ្យចេញប័ណ្ណ តែត្រូវបានអ្នកទិញដីពីប្រជាពលរដ្ឋសម្របសម្រួលដោះស្រាយបញ្ចប់លុយខ្ទង់ម៉ឺនៗដុល្លារ ឲ្យទៅឈ្មោះអ្នកស្រី សេន ម៉ារីណា នៅអំឡុងខែ៤-ខែ៥ ឆ្នាំ២០២១នោះផងដែរ ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *