ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានចេញបទបញ្ជាជាបន្ទាន់មួយឲ្យកម្លាំងយោធាកម្ពុជា បាញ់កម្ទេចដ្រូនចារកម្មគ្មានមនុស្សបើក ដែលហោះចូលដែនអាកាសកម្ពុជា នៅក្នុងខេត្តរតនគិរី។
តាមរយៈសារជាសំឡេងនៅថ្ងៃត្រង់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, លោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មេបញ្ជាការ នៃបញ្ជាការដ្ឋានកងអង្គរក្ស ព្រមទាំងកម្លាំងប្រដាប់អាវុធដែលឈរជើង នៅក្នុងភូមិសាស្រ្ដនៃខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ និងអាជ្ញាធរពាក់ព័ន្ធនៅទីនោះ ត្រូវចាត់ចែងកម្លាំង និងអាវុធជាបន្ទាន់។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីករណីវាយប្រហារភេរវកម្ម នៅក្នុងទឹកដីវៀតណាម កាលពីប្រមាណ២សប្តាហ៍កន្លងទៅនេះ ដែលកម្ពុជាបានសហការយ៉ាងល្អជាមួយវៀតណាម ក្នុងការទប់ស្កាត់ក្រុមភេរវកម្មដែលបាក់ទ័ពរត់ចូលមកទឹកដីកម្ពុជា។
«អ្វីដែលជាបញ្ហា គឺមានដ្រូនជាច្រើនគ្រឿងហោះចូលទឹកដីកម្ពុជា ជាបន្តបន្ទាប់នៅក្នុងតំបន់ខេត្តរតនគិរី យើងបានសួរទៅខាងវៀតណាម ភាគីខាងវៀតណាមបានបដិសេធថា មិនមែនជាដ្រូនរបស់គេទេ ដូច្នេះការវាយតម្លៃជាបន្តបន្ទាប់រហូតដល់ថ្ងៃនេះ ខ្ញុំប៉ាន់ស្មានថា ដ្រូនដែលមានចំនួនច្រើននេះ គឺជាដ្រូននៃពួកបច្ចាមិត្ត ដែលបានធ្វើសកម្មភាពវាយប្រហារទៅខាងទឹកដីវៀតណាម ឥឡូវមានសញ្ញាថា មួយចំនួនកំពុងបាក់ទ័ពរត់ចូលទឹកដីកម្ពុជា»។ នេះជាប្រសាសន៍របស់សម្តេចនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥។
សម្តេចតេជោ បានបន្តថា «យើងត្រូវប្រើប្រាស់អាវុធទំនើបរបស់យើង ដើម្បីបាញ់ទម្លាក់ដ្រូនណាក៏ដោយ ដែលហោះចូលទឹកដីកម្ពុជា»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបញ្ចេញកម្លាំងឲ្យបានឆាប់ ទាំងនៅក្នុងបញ្ជាការដ្ឋានអង្គរក្ស និងអាវុធដែលនៅអង្គភាពប្រឆាំងភេរវកម្ម ហើយអាវុធដែលបាញ់ដ្រូននេះ យ៉ាងហោចណាស់ក៏ត្រូវមានតិចបំផុត១០០ដើម។ ទោះជាយ៉ាងណា សម្តេចតេជោ មិនទាន់កំណត់ប្រភពនៃដ្រូននេះនៅឡើយទេ ដោយអះអាងថា យើងនឹងអាចដឹងបាននៅពេលដែលបាញ់ទម្លាក់ដ្រូនដែលហោះចូលដែនអាកាសកម្ពុជា នៅពេលយប់ ដើម្បីស៊ើបការណ៍នេះ។
ទន្ទឹមនឹងបទបញ្ជាក់នេះ សម្តេចនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ក៏បានបញ្ជាថែមទៀតឲ្យ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បញ្ចេញកម្លាំងយោធា ៥០០នាក់ និងមានអាវុធទំនើប២០០ដើម ដើម្បីចូលរួមប្រតិបត្តិការផងដែរ។ សម្តេចតេជោ បញ្ជាក់ថា បើបង្កើនថែមទៀត បើសិនជាលក្ខខណ្ឌតម្រូវ។ សម្តេចប្រកាសថា សម្តេចមិនលើកលែងឲ្យនរណាដែលបំពានអធិបតេយ្យរបស់កម្ពុជាឡើយ៕
I am extremely impressed together with your writing talents and also with the layout in your weblog. Is this a paid theme or did you modify it yourself? Anyway keep up the excellent quality writing, it’s rare to peer a great blog like this one these days!