Breaking News

ទោះក្រុម «​ហែក​» តាម​តេ​ឡេ​ក្រាម ជាប់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក៏ដោយ សូមបងប្រុងប្រយ័ត្ន និងស្តាប់ពីការសារភាពរបស់ជនល្មើស

​ភ្នំពេញ ៖ តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ YU YULONG និង​ប្រពន្ធ​ឈ្មោះ មាស ស្រី​ចិន បាន​ឲ្យ​ដឹង​ថា ពួក​គេ​ស្គាល់​ក្រុម Hacker តាម​រយៈ​តែ​វី​ឆាត (WeChat) ប៉ុណ្ណោះ ដោយ​មិនដឹង​ថា ពួក​នោះ​នៅ​ទីណា​ទេ គ្រាន់​តែ​ធ្លាប់​ឮ​ពួក​វា​ប្រាប់​ថា រស់នៅ​ប្រទេស​ថៃ ហើយ​ពួក​វា​បាន​ប្រាប់​បន្ត​ថា អាច​ហែក​ចូល​តេ​ឡេ​ក្រាម​បាន តាម​រយៈ​ផ្ញើ​សារ ឬ​កម្មវិធី​អ្វីមួយ​ទៅ​បុគ្គល​ណា​ម្នាក់ ប្រសិនបើ​បុគ្គល​រូប​នោះ​ចុច​ចូល​មើល នោះ​ពួក​វា​នឹង​ចូល​ទៅ​គ្រប់គ្រង​កម្មវិធី​ទូរស័ព្ទ ឬ​ឈាន​ដល់​គ្រប់គ្រង​អាក់​ខោ​ន​ធនាគារ​បាន និង​ម្យ៉ាងទៀត ប្រសិនបើ​យើង​ថត​ស្កែ​ន​លេខ​តេ​ឡេ​ក្រាម​៥​ខ្ទង់​ផ្ញើ​ទៅ​ឲ្យ​ពួក​វា នោះ​ពួក​វា​ក៏​អាច​គ្រប់គ្រង Telegram យើង​បាន​ដូច​គ្នា​។ ហើយ​រាល់​ប្រតិបត្តិការ​ជោគជ័យ​ទាំងអស់ ឈ្មោះ YU YULONG និង​ប្រពន្ធ​ឈ្មោះ មាស ស្រី​ចិន ទទួល​បាន ៧%, ឈ្មោះ HUANG ZHENG LIANG ទទួល​បាន ៤%, ឈ្មោះ ZHANG ZHAOCUN ទទួល​បាន ២%, និង​ឈ្មោះ LI QUEQIN ទទួល​បាន ២% នៅ​សល់​ទាំង​ប៉ុន្មាន គឺ​ត្រូវ​ផ្ញើ​ទៅ​ឲ្យ​ក្រុម Hacker តាម​រយៈ​ធនាគារ «​ហ៊ុយ​វ័ង​»​។

តាម​រយៈ​បទ​ពិសោធន៍​នៃ​ការ​បង្ក្រាប​ករណី​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជា​ការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ដោយសារ​តែ​បច្ចេកវិទ្យា​ដើរ​លឿន​ពេក ធ្វើ​ឲ្យ​មានកម្ម​វិធី​ជា​ច្រើន​ដែល​យើង​មិន​អាច​តាម​ទាន់​បាន ដូច្នេះ​បងប្អូន​ដែល​ប្រើ​ទូរស័ព្ទ​ទាំងអស់ មិន​ត្រូវ​ចូល​មើល Link ឬ App ណាមួយ ដែល​មាន​ប្រភព​មិន​ច្បាស់លាស់ ហើយ​ផ្ញើ​មក​ឲ្យ​យើង​តាម​រយៈ SMS, WhatsApp, Telegram, Line ឬ Messenger ក៏​ដូច​ជា​មិន​ត្រូវ​ឆ្លើយឆ្លង​ជាមួយ​សារ​ទាំងឡាយ​ណា ដែល​ទាមទារ​ឲ្យ​យើង​បង្ហាញ​នូវ​ទិន្នន័យ​ផ្ទាល់ខ្លួន ទិន្នន័យ​ធនាគារ ឬ​ថត​ស្គ្រី​ន​ទូរស័ព្ទ របស់​យើង​ទៅ​ពួក​គេ​នោះ​ឡើយ ។

លោក​បន្ត​ថា ហើយ​បើ​មាន​អ្នក​ស្គាល់​ផ្ញើ​សារ​ជា​អក្សរ​ខ្មែរ ឬ​អក្សរ​បរទេស​មក​យើង ដើម្បី​ខ្ចីប្រាក់ ឬ​ទារប្រាក់ ឬ​ក៏​បង្ខំ​ឲ្យ​ទូទាត់​អ្វី​ផ្សេង​ៗ យើង​មិន​ត្រូវ​ផ្ទេរ​ប្រាក់​ទៅ​ភ្លាម​ៗ​នោះ​ទេ គឺ​ត្រូវ​ឆែក​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ដើម្បី​ចៀសវាង​ការ​ខាតបង់ ឬ​ការ​ចាញ់​បោ​.​ក ដោយ​ប្រការ​ណាមួយ​នៅ​លើ​ការ​ប្រើប្រាស់​ទូរស័ព្ទ​។

សូមបញ្ជាក់ថា : លោក ធា​ម ច័ន្ទ​ពិ​ដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៣ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ក្រុម «​ហែក​» តាម​តេ​ឡេ​ក្រាម ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពី​បទ​.​សមគំនិត​ក្នុង​អំពើ​ឆ​បោក មាន​ស្ថាន​ទម្ងន់ទោស ចូល​ទៅ​ដល់ ឬ​ស្ថិត​នៅ​នឹង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ស្វ័យប្រវត្ត​នៃ​ទ​ន្និ​នន័យ នៃការប្រព្រឹត្តរបស់ជនត្រូវចោទ។

សូមបញ្ជាក់ថា : ជនត្រូវចោទ ខាងលើ​នេះ រួម​មាន ៖
ទី១- ឈ្មោះ YU YULONG ជនជាតិ​ចិន អ្នក​ទទួលខុសត្រូវ​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​ក្រុម Hacker នៅ​ក្រៅប្រទេស​។
ទី២- ឈ្មោះ មាស ស្រី​ចិន (​ហៅ​ស្រី​ពៅ​) ជនជាតិ​ខ្មែរ (​ប្រពន្ធ​របស់​ឈ្មោះ YU YULONG) អ្នក​ទទួលខុសត្រូវ​បកប្រែ​ឆាត​ពី​ខ្មែរ​ទៅ​ចិន និង​ពី​ចិន​ទៅ​ខ្មែរ ទាំង​អក្សរ និង​សម្លេង ឲ្យ​ក្រុម Hacker​។
ទី៣- ឈ្មោះ HUANG ZHENG LIANG ជនជាតិ​ចិន អ្ន​ទទួលខុសត្រូវ​ខាង​ដក​លុយ​ចេញពី​ធនាគារ រក​បណ្តាញ​បន្ថែម និង​ពេល​ខ្លះ​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ក្រុម Hacker ។
ទី៤- ឈ្មោះ ZHANG ZHAOCUN ជនជាតិ​ចិន អ្នក​ទទួលខុសត្រូវ​ខាង​ដក​លុយ​ចេញពី​ធនា​គារ​។
និង​ទី៥- ឈ្មោះ LI QUEQIN អ្នក​ទទួលខុសត្រូវ​តម្កល់​ប្រាក់​នៅ​ធនាគារ ដើម្បី​ធានា​ប្រតិបត្តិការ​ឲ្យ​ក្រុម Hacker នៅ​ក្រៅប្រទេស​។

ក្រុម Hacker ទាំង​៥​នាក់​ខាងលើ​នេះ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​បទល្មើស​ដូច​គ្នា គឺ​បទ (សមគំនិត​​ក្នុង​អំពើ​ឆ​បោក​មាន​ស្ថាន​ទទម្ងន់ទោស ចូល​ទៅ​ដល់ ឬ​ស្ថិត​នៅ​នឹង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ស្វ័យ​ប្រវត្ត​នៃ​ទ​ន្និ​ន័យ) តាម​បញ្ញត្តិ​មាត្រា​២៩ មាត្រា​៣៧៧ មាត្រា​៣៧៨ មាត្រា​៣៨០ ចំណុច​៥ មាត្រា​៤២៧ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០២៣​។

សូម​ជម្រាប​ថា កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ មាន​ករណី​ហែក​ចូល​តេ​ឡេ​ក្រាម​ជា​ច្រើន​ករណី​បាន​កើតឡើង បង្ក​ឲ្យ​មាន​ជន​រង​គ្រោះ​មួយ​ចំនួន​ត្រូវ​ខាតបង់​ប្រាក់​រាប់​ពាន់​ម៉ឺន​ដុល្លារ ដោយសារ​តែ​ការ​បោក​បញ្ឆោត​នេះ​។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៣ អាវុធហត្ថ​ភ្នំពេញ​បាន​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ​ម្នាក់ សុំ​ប្តឹង​ពី​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ហែក​ចូល​តេ​ឡេ​ក្រាម​របស់​ខ្លួន និង​បាន​ឆាត​ទៅ​បងប្អូន មិត្តភក្តិ ជា​ច្រើន​ដើម្បី​ខ្ចីប្រាក់ ព្រមទាំង​ឆាត​ទៅ​គំ​រាម​ទារប្រាក់​ពី​អតិថិជន​ដែល​ជំពាក់​ខ្លួន​ផង​ដែរ​។

ស្រប​ពេល​ជាមួយ​គ្នា​នោះ គឺ​មាន​អតិថិជន​របស់​ខ្លួន​ម្នាក់ ក៏​ត្រូវ​បាន​គេ​ហែក​ចូល​តេ​ឡេ​ក្រាម​របស់​គាត់​ដូច​គ្នា ហើយ​ឆាត​មក​ខ្ចីប្រាក់​ខ្លួន​ចំនួន ៦០,០០០$ ហើយ​ខ្លួន​ក៏​បាន​វេរ​ទៅ​ឲ្យ​អស់ ១០,០០០$ ប៉ុន្តែ​ដោយ​មានការ​សង្ស័យ ក៏​តេ​ទៅ​អតិថិជន​ផ្ទាល់​ដើម្បី​សួរនាំ ទើប​ដឹង​ថា មានការ​ចាញ់​បោ​.​ក​ជនសង្ស័យ​យ៉ាង​ពិតប្រាកដ ព្រោះ​អតិថិជន​របស់​ខ្លួន​បាន​អះអាង​ថា មិន​បាន​ឆាត​ខ្ចីប្រាក់​នោះ​ទេ គឺ​មាន​គេ​ហែក​ចូល​តេ​ឡេ​ក្រាម​របស់​គាត់​បាត់​ហើយ​។

តាម​រយៈ​វិធានការ​ជំនាញ និង​ការ​តាម​ប្រមាញ់​ជាប់​ប្រចាំ រហូត​ដល់​ថ្ងៃ​ទី​១៧ ថ្ងៃ​ទី​១៨ និង​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ជា​បន្តបន្ទាប់ (​ក្នុង​នោះ​ខ្មែរ​ម្នាក់ និង​ចិន​០៤​នាក់​) ដែល​មានការ​ពាក់ព័ន្ធ​ជា​បណ្តាញ​ជាមួយ​ក្រុម Hacker នៅ​ឯ​បរទេស ហើយ​ធ្វើ​សកម្មភាព​ហែក​ចូល​តេ​ឡេ​ក្រាម​របស់​មនុស្ស​ជា​ច្រើន ដើម្បី​ឆ​បោក​ប្រាក់​ ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *