Breaking News

ទេសរដ្ឋមន្ត្រី លី ធុជ៖ ការងារអប់រំផ្សព្វផ្សាយការយល់ដឹងអំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាកិច្ចការចំបាច់មួយដើរទន្ទឹមគ្នាជាមួយនឹងការងារបោសសម្អាតមីន

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីនបានលើកឡើងថា ការងារអប់រំផ្សព្វផ្សាយការយល់ដឹងអំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាកិច្ចការចំបាច់មួយដើរទន្ទឹមគ្នាជាមួយនឹងការងារបោសសម្អាតមីន ក្នុងការចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ទេសរដ្ឋមន្ត្រី លី ធុជ ​បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសម្ភារៈសង្រ្គោះបឋម ជូនដល់មន្រ្តី បុគ្គលិកអាជ្ញាធរមីនចំនួន ៤៥ នាក់ ដែលបានទទួលវគ្គបណ្តុះបណ្តាលសង្រ្គោះបឋម (First Aid Training) កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារ Himawari ភ្នំពេញ។

ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីន ទេសរដ្ឋមន្ត្រី លី ធុជ ​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក Andrew Tay នាយកសណ្ឋាគារ Himawari និងជាប្រធានអង្គការ St John Phnom Penh ដែលបានផ្តល់នូវវគ្គបណ្តុះបណ្តាលសង្គ្រោះបឋម ជូនដល់មន្រ្តី បុគ្គលិកអាជ្ញាធរមីន ដែលវគ្គបណ្តុះបណ្តាលនេះ បានទទួលបានការគាំទ្រ និងបង្រៀនដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីអង្គការសេនចនភ្នំពេញ។

ទេសរដ្ឋមន្ត្រី លី ធុជ​ក៏​សូម​ថ្លែងអំណរគុណជូនចំពោះ Singapore Club Cambodia ដែលបានផ្តល់នូវសម្ភារៈសង្រ្គោះបឋមចំនួន ២០ ជូនដល់អាជ្ញាធរមីន សម្រាប់ការប្រើប្រាស់ក្នុងករណីចាំបាច់។

ឯកឧត្តម បានបន្តទៀតថា សម្ភារៈសង្រ្គោះបឋមនេះ គឺជាសម្ភារៈមួយដែលសំខាន់ និងចាំបាច់សម្រាប់មន្រ្តីបុគ្គលិកអាជ្ញាធរមីន យកទៅប្រើប្រាស់ក្នុងការចុះបំពេញបេសកកម្មការងារនៅតាមសហគមន៍ និងចុះពិនិត្យការងារបោសសម្អាតមីននៅទីវាល។

ទេសរដ្ឋមន្ត្រី លី ធុជបន្ថែមទៀតថា ជាមួយគ្នានោះ ដោយ​ឡែក​សម្រាប់វិភាគទានរបស់អង្គការ St John ចំនួន ៥.០៥០ ដុល្លារ ដែលផ្តល់ជូនមកអាជ្ញាធរមីន នឹងត្រូវប្រើប្រាស់កិច្ចការសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងការងារអប់រំផ្សព្វផ្សាយការយល់ដឹងអំពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ តាមតម្រូវការរបស់សហគមន៍ដែលរងផលប៉ះពាល់ដោយសារមីន ជាដើម៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *