Breaking News

នាយឧត្តមសេនីយ៍ នេត សាវឿន៖ សភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់ បានដំណើរការទៅដោយល្អប្រសើរ អំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋានគណ:បញ្ជាការសន្តិសុខ
អចិន្ត្រៃយ៍(គ.ស.អ) បានឱ្យដឹងថា សភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់ បានដំណើរការទៅដោយល្អប្រសើរ អំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។ ការអះអាងដូចនេះ ក្នុងពេលចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយក្រុមទី១ វេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃគ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។

នាយឧត្តមសេនីយ៍ នេត សាវឿន បានឱ្យដឹងថា ការងារទាំងអស់នេះសម្រេចទៅបានដោយមានការចូលរួមដោយផ្ទាល់របស់កម្លាំងនគរបាលគ្រប់គោលដៅទាំងអស់។ លោកបានកោតសសើរដល់កងកម្លាំងគ្រប់កងឯកភាពទាំងអស់ ដែលប្រចាំការទ្រសភាពការណ៍ និងសហការគ្នាបានយ៉ាងល្អ និងបានណែនាំឱ្យបន្តខិតខំប្រឹងប្រែងការងារនេះកាន់តែខ្លាំងឡើងថែមទៀត ដើម្បីឲ្យដំណើរការសន្តិសុខ និងសណ្តាប់ធ្នាប់នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងថ្ងៃបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ។

យោងតាមសេចក្តីសម្រេចស្តីពី ការចាត់តាំងក្រុមប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃគ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ មានភារកិច្ចជួយដល់លេខាធិការដ្ឋាន នៃ គ.ស.អ ក្នុងការតាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធដល់ការបោះឆ្នោត ការអនុវត្តបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ទាំងមុន ក្នុង និងក្រោយការបោះឆ្នោត។ ប្រមូលព័ត៌មាន និងរបាយការណ៍ពីបណ្តាក្រសួង-ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងពីយន្តការរចនាសម្ព័ន្ធ សន្តិសុខបោះឆ្នោតគ្រប់ថ្នាក់ ជុំវិញស្ថានការណ៍សន្តិសុខបោះឆ្នោត និងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពទូទៅ ដើម្បីរាយការណ៍ជូនប្រធានលេខាធិការដ្ឋាននៃ គ.ស.អ សុំការចង្អុលដឹកនាំបន្ត។ តាមដានក្តាប់ព័ត៌មាន និងសភាពការណ៍នានា ដែលបានកើតឡើងនៅតាមបណ្តារាជធានី ខេត្ត ទាំងមុន ក្នុង និងក្រោយការបោះឆ្នោត ធ្វើការវិភាគ វាយតម្លៃ រាយការណ៍ដោះស្រាយបានទាន់ពេលវេលា។

ក្រៅពីនេះធ្វើរបាយការណ៍រៀងរាល់ថ្ងៃអំពី ស្ថានការណ៍សន្តិសុខបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ជូនប្រធានលេខាធិការដ្ឋាន នៃ គ.ស.អ ដើម្បីរាយការណ៍ជូនប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត។ ក្រុមប្រចាំបញ្ជានេះ ត្រូវបំពេញភារកិច្ចប្រចាំការប្តូរវេនវិលជុំ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ចប់បេសកកម្ម និងត្រូវបំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់ប្រធានលេខាធិការដ្ឋាន នៃ គ.ស.អ៕ ដោយ៖ សិរី នាគ

Check Also

អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *