ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរខណ្ឌទួលគោក ចុះធ្វើការបោសសំអាត និងបាញ់ទឹកលាងតាមដងផ្លូវម៉ៅសេទុង ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ក្រោយពីទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំងកាលពីព្រលប់ថ្ងៃទី០៣ ខែកក្កដា ម្សិលមិញ។
ក្នុងឱកាសនោះលោក ឃួង ស្រេង បានធ្វើការណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ ធ្វើការបោស និងលាងសម្អាតឲ្យស្អាតនៅតាមបណ្ដោយផ្លូវមួយចំនួនដែលទទួលរងការលិចលង់កាលពីយប់មិញ ដូចជាផ្លូវម៉ៅសេទុង ផ្លូវកម្ពុជាក្រោម ផ្លូវ២០០៤ និងបណ្តាលផ្លូវមួយចំនួនទៀត សំខាន់គឺសម្អាតឱ្យបានស្អាតក្នុងថ្ងៃនេះតែម្តង ដើម្បីឱ្យរាជធានីភ្នំពេញមានអនាម័យស្អាត បរិស្ថានល្អ ដូចធម្មតាឡើងវិញ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា កាលពីព្រលប់ និងយប់ថ្ងៃទី០៣ ខែកក្កដាម្សិលមិញនេះ ភ្លៀងបានធ្លាក់យ៉ាងខ្លាំង ដែលជាកម្ពស់ទឹកភ្លៀងខ្ពស់ខ្លាំង មិនធ្លាប់មាន ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ដោយកម្ពស់ទឹកមានរហូតដល់ ១៥៣មីលីម៉ែត្រ(វាស់នៅស្ថានីយបឹងត្របែក) ដែលបានធ្វើឲ្យតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ បានទទួលរងការលិចលង់។ ប៉ុន្តែទោះបីជាយ៉ាងក្តី ក្រោយពីមានការណែនាំពីលោក ឃួង ស្រេង ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រើប្រាស់មន្ត្រី និងកម្មករទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យទឹកបានស្រកអស់ពីផ្លូវ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ។
លោក សាំ ពិសិដ្ឋ ក៏បានបញ្ជាក់ឱ្យដឹងទៀតថា នៅព្រឹកថ្ងៃទី០៤ កក្កដានេះ ដោយមានការណែនាំ និងចុះពិនិត្យដោយផ្ទាល់នៅលើបណ្តោយផ្លូវម៉ៅសេទុង លោក ឃួង ស្រេង បានជម្រុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ប្រើប្រាស់កម្មករទាំងអស់ ជាមួយនឹងការប្រើប្រាស់រថយន្តបាញ់ទឹកចំនួន ១៨គ្រឿង ដើម្បីលាងសម្អាតតាមបណ្ដោយផ្លូវម៉ៅសុទុង ក៏ដូចជាផ្លូវកម្ពុជាក្រោម និងបណ្តាផ្លូវមួយចំនួនទៀត ដែលមានកាកសំណល់ភក់ និងសំរាមនៅលើទ្រូងផ្លូវ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា ទន្ទឹមនិងកម្រិតទឹកភ្លៀងខ្លាំងរហូតដល់កម្ពស់ ១៥៣មីលីម៉ែត្រនេះ ស្ថានីយបូមទឹកដែលមានសមត្ថភាពបូមទឹកបានខ្លាំងជាងមុន ៣ដងនោះ បានធ្វើសកម្មភាពបូមទឹកទាំងយប់ ដែលបានធ្វើឲ្យតំបន់មួយចំនួនបានស្រកចុះទៅវិញលឿន។ ក្នុងនោះ ផ្លូវកម្ពុជាក្រោម បានស្របអស់នៅម៉ោង១២យប់ ផ្លូវ២០០៤បានស្រកអស់នៅម៉ោង១ភ្លឺ និងផ្លូវម៉ៅសេទុងនេះ បានស្រកអស់នៅម៉ោងប្រមាណ៣ភ្លឺ។ ដោយឡែកនៅព្រឹកថ្ងៃដដែលនេះ តំបន់មួយចំនួននៅបឹងទំពន់ គឺបាននិងកំពុងទទួលរងការលិចលង់នៅឡើយ ព្រោះតំបន់នោះទៀបជាងគេ។ ប៉ុន្តែទោះបីយ៉ាងណាក្តី ក្រោមការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីអាជ្ញាធររាជធានី នៅម៉ោង១១ឬ១២ថ្ងៃនេះ ទឹកអាចស្រកចុះអស់ពីតំបន់ទាំងនោះហើយ៕ដោយ៖ សិរី នាគ