ភ្នំពេញ៖ តាមរយៈសារជាសំឡេងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បានថ្លែងថា «កន្លងទៅនេះយើងបានរកឃើញជនក្លែងបន្លំថា ជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានទៅណែនាំចំពោះអ្នកបោះឆ្នោតឲ្យគូសខុស ដូចអ្វីដែលបានកើតឡើងនៅក្នុងសន្លឹកឆ្នោតជាគំរូ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យើងបានរកឃើញ ការគូសសន្លឹកឆ្នោតបែបនេះមិនមែនមានតែនៅក្នុងគណបក្សប្រជាជនកម្ពុជាទេ គឺមានគណបក្សផ្សេងដែរ គឺគូសយ៉ាងម៉េចដើម្បីឲ្យសន្លឹកឆ្នោតនោះមិនបានការ»។ សម្តេចតេជោ បានបញ្ជាក់ថា «ទង្វើបែបនេះ ទាមទារឲ្យគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវតែបង្រៀនប្រជាពលរដ្ឋ សមាជិកសមាជិការបស់ខ្លួនឲ្យគូសសន្លឹកឆ្នោត ឲ្យជាសន្លឹកឆ្នោតបានការ»។
សម្តេច បានបន្តថា «ពួកគេបានពន្យល់ប្រជាពលរដ្ឋថា ការគូសច្រើនដងលើសពីមួយ ពីរ ឬបី គឺមានន័យថា បង្ហាញពីការស្រឡាញ់ពេញចិត្តចំពោះគណបក្សប្រជាជន ដែលធ្វើឲ្យប្រជាជនស្រឡាញ់គណបក្សប្រជាជន គឺគូសកាន់តែច្រើន ដើម្បីបង្ហាញពីក្ដីស្រឡាញ់ ព្រោះពួកគេបានមានវិធីសាស្ត្ររបស់ពួកគេ »។
សម្តេចតេជោ ក៏បានបញ្ជាក់ថា «ចំពោះគណបក្សដទៃក៏ដូច្នោះដែរ ដូច្នេះខ្ញុំសូមអំពាវនាវដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងបណ្ដាគណបក្សនយោបាយផ្សេងៗរួមគ្នា ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋ ឲ្យគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ព្រោះនេះជាកិច្ចការដែលយើងត្រូវធ្វើរួមគ្នា ដើម្បីឲ្យការបោះឆ្នោតមួយធានា នូវភាពរលូន និងជោគជ័យសម្រាប់ជាតិយើងទាំងមូល »។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសូមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្រាវជ្រាវ ព្រោះមានក្រុមអ្នកបង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតតាមអនឡាញ តើអ្នកណាខ្លះប្រើប្រាស់អនឡាញ ប្រើវិធីនេះ យើងអាចនឹងរកឃើញមុខសញ្ញានេះ ហើយយើងរកឃើញអ្នកដែលតាំងខ្លួនជាគណបក្សប្រជាជនកម្ពុជា យើងត្រូវតែចាប់ឲ្យបានអ្នកដែលក្លែងបន្លំធ្វើជាគណបក្សប្រជាជនកម្ពុជា ធ្វើជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយទៅបង្រៀនប្រជាជនឲ្យគូសសន្លឹកឆ្នោតខុស។ សម្តេចបានបន្តថា «ការធ្វើបែបនេះ គឺជាការជួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសមត្ថកិច្ច»៕