ភ្នំពេញ៖ ក្រុមកម្មករនិយោជិតនៅរោងចក្រកាត់ដេរសំលៀកបំពាក់មួយ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ បាននិយាយថា ពួកគាត់សង្ឃឹមថា ប្រាក់ឈ្នួលអប្បបរមានឹងអាចនឹងដំឡើងទៅមុខទៀត ដោយសារការដឹកនាំដ៏ល្អរបស់ប្រមុខរាជរដ្ឋាភិបាលសព្វថ្ងៃនេះ ដែលលោកតែងតែគិតគូរជាប់ជានិច្ច។
ក្រុមកម្មករនិយោជិតទាំងនោះ បាននិយាយបន្ថែមថា ប្រាក់ឈ្នួលអប្បបរមាតែងតែមានការដំឡើងជារៀងរាល់ឆ្នាំ ទោះបីជាជួបវិបត្តិធ្ងន់ធ្ងរដោយសារកូវីដ១៩ យ៉ាងណាក្តី ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន នៅតែទទួលបានការយកចិត្តទុកដាក់បំផុតពីគ្រប់ភាគីពាក់ព័ន្ធ។
គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ សំលៀកបំពាក់ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប បានកើនពីចំនួន ៤០ដុល្លារអាម៉េរិកក្នុងឆ្នាំ១៩៩៧ រហូតដល់ចំនួន ២០០ដុល្លារអាម៉េរិក។
ដោយឡែកប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ បានលើកឡើងព័ន្ធការប្រជុំប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរនេះថា ការងារនេះគ្រប់ភាគីពាក់ព័ន្ធ ត្រូវជជែកគ្នាជារៀងរាល់ឆ្នាំ ទោះបីជាការឡើងដល់កម្រិតណា ច្រើនឬតិច ដាច់ខាតត្រូវតែបន្ត។ ប៉ុន្តែអ្វីដែលលោកចង់ស្នើបន្ថែម គឺការជំរុញឲ្យមានការពង្រីកនូវវិស័យផ្សេងទៀត ព្រោះកន្លងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានបញ្ជាក់ដែរថា វិស័យផ្សេងទៀតក៏មានបញ្ហាប្រាក់ឈ្នួលដែរ ដូច្នេះទាមទារត្រូវមានការយកចិត្តទុកដាក់ដូចគ្នា៕