Breaking News

ធនាគារជាតិនៃកម្ពុជា ក្រើនរំលឹកដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ឲ្យប្រុងប្រយ័ត្នលើការផ្តល់ឥណទានទៅកាន់វិស័យអចលនទ្រព្យ

ភ្នំពេញ៖ បើទោះបីជា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅឆ្នាំ ២០២៣នេះ ត្រូវបានព្យាករថា នឹងមានកំណើនក្នុងរង្វង់ ៥,៥% ជាមួយនឹងកម្រិតអតិផរណាទាបប្រមាណ ២% ប៉ុន្តែកម្ពុជា ក៏កំពុងប្រឈមនឹងហានិភ័យសក្តានុពលចម្បងៗដែលបណ្តាលមកពីកត្តាធំៗពីរផងដែរ។ នេះបើយោងតាមរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ ២០២២ របស់ធនាគារជាតិនៃកម្ពុជា ដែលបានធ្វើការផ្សព្វផ្សាយនៅក្នុងសិក្ខាសាលាមួយនៅថ្ងៃទី ៦ខែកក្កដា ឆ្នាំ ២០២៣។

កត្តាធំៗទាំងពីរនោះរួមមាន ទី១ គឺកត្តាខាងក្រៅ ដោយសារការបើកចំហរសេដ្ឋកិច្ច ក៏ដូចជា ការពឹងផ្អែកខ្លាំងរបស់សេដ្ឋកិច្ចកម្ពុជាលើវិស័យខាងក្រៅ និងទី២ គឺកត្តាខាងក្នុង គឺស្ថានភាពមិនប្រាកដប្រជានៃវិស័យអចលនទ្រព្យ។

របាយការណ៍នេះបញ្ជាក់ថា ចំពោះហានិភ័យខាងក្រៅមានដូចជា ការអូសបន្លាយនៃភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន និងការរឹតបន្តឹងនៃស្ថានភាពហិរញ្ញវត្ថុអន្តរជាតិដែលប៉ះពាល់ដល់ការរំពឹងទុកនៃការនាំចេញ និងការវិនិយោគចូលមកកម្ពុជា, បញ្ហាដែលអូសបន្លាយក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនដែលអាចបង្អាក់កំណើនវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា និងការកើនឡើងអត្រាការប្រាក់ឥណទាន ដែលបណ្តាលមកពីការកើនឡើងអត្រាការប្រាក់លើទីផ្សារអន្តរជាតិ ដែលនាំឱ្យកំណើនឥណទានថយចុះ ហើយចំណាយលើការខ្ចីខ្ពស់ជាងមុនក៏អាចកាត់បន្ថយការវិនិយោគក្នុងស្រុកផងដែរ។

ទន្ទឹមនឹងហានិភ័យខាងក្រៅ ហានិភ័យសក្តានុពលខាងក្នុងក៏ត្រូវយកចិត្តទុកដាក់និងតាមដានផងដែរ ដែលក្នុងនោះអាចកើតមានឡើងពីវិស័យអចលនទ្រព្យ។ ក្នុងរយៈពេលប្រមាណ ១ទសវត្សរ៍មុនពេលវិបត្តិកូវីដ-១៩ វិស័យអចលនទ្រព្យនៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ប៉ុន្តែការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងក្នុងស្រុកដោយសារវិបត្តិកូវីដ និងការងើបឡើងក្នុងស្ថានភាពមិនប្រាកដប្រជា បានធ្វើឱ្យតម្រូវការក្នុងវិស័យនេះធ្លាក់ចុះជាលំដាប់។ ស្ថានភាពនេះទាមទារឱ្យមានការតាមដានយ៉ាងប្រុងប្រយ័ត្ន ជាពិសេសលើការផ្តល់ឥណទានទៅកាន់វិស័យអចលនទ្រព្យ ព្រមទាំងពង្រឹងកិច្ចសហការយ៉ាងជិតស្និទរវាងអាជ្ញាធរពាក់ព័ន្ធដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើង និងឥទ្ធិពលរាលដាលទៅកាន់វិស័យដទៃទៀត។

ប្រឈមនឹងភាពមិនប្រាកដប្រជានេះ ធនាគារជាតិនៃកម្ពុជាបាន និងកំពុងអនុវត្តវិធានការចាក់ចេញពីវិបត្តិ ដោយការពង្រឹងក្របខណ្ឌបទបញ្ញាតិឡើងវិញ ប្រកបដោយការប្រុងប្រយ័ត្ន ដើម្បីពង្រឹងភាពធនរបស់ប្រព័ន្ធធនាគារ ស្របពេលនឹងការជួយដល់វិស័យអាទិភាព ដូចជា សហគ្រាសធុនតូច និងមធ្យម វិស័យកសិកម្ម អប់រំ ក្នុងដំណាក់កាលនៃងើបឡើងរបស់សេដ្ឋកិច្ច។

ទន្ទឹមនេះ ការរក្សាស្ថិរភាពហិរញ្ញវត្ថុ ជាការងារអន្តរវិស័យ ដែលទាមទារឱ្យមានកិច្ចសហការ និងសម្របម្រួលទាំងពីអាជ្ញាធរ និងភាគីពាក់ព័ន្ធនានា ដោយសារប្រព័ន្ធហិរញ្ញវត្ថុមានភាពប្រទាក់ក្រឡាយ៉ាងជិតស្និទ្ធទាំងក្នុងចំណោមវិស័យហិរញ្ញវត្ថុ និងជាមួយវិស័យសេដ្ឋកិច្ចរូបវន្ត ។

ខណៈដែលស្ថានភាពវិស័យអចលនទ្រព្យបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងភាពមិនសូវល្អ អ្នកជំនាញផ្នែកអចលនវត្ថុ លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន បានបង្ហាញយន្តការចំនួនពីរដែលអាចធ្វើឲ្យទីផ្សារទិញលក់លំនៅឋាន ក៏ដូចជាវិស័យអចលនទ្រព្យងើបឡើងវិញ គឺទី១ ការព្យាពេលបង់រំលស់ផ្ទះក្នុងរយៈពេលវែងពី ១៥ទៅ ២០ឆ្នាំ ឬម្ចាស់គម្រោងបុរីអាចជួយសម្របសម្រួលឲ្យអតិថិជនបង់រំលស់ជាមួយធនាគារ និងយន្តការទី២ គឺរាជរដ្ឋាភិបាលអាចពិនិត្យលទ្ធភាពទម្លាក់កញ្ចប់ថវិកាជួយសង្គ្រោះទៅកាន់វិស័យអចលនទ្រព្យ និងសំណង់ តាមរយៈធនាគារដៃគូ ដូចអ្វីដែលរាជរដ្ឋាភិបាលធ្លាប់បានធ្វើក្នុងការអន្តរាគមន៍ជួយសង្គ្រោះដល់វិស័យទេសចរណ៍ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ ជាមួយលក្ខខណ្ឌអនុគ្រោះនានា។

ទោះជាយ៉ាងណា លោក ច្រឹក សុខនីម បានអះអាងថា ចំពោះអ្នកវិនិយោគលើការទិញអចលនទ្រព្យ ដូចជា ដី ឬផ្ទះនាពេលនេះ ពួកគេអាចនឹងមានឱកាសចំណេញខ្ពស់ ខណៈអចលនវត្ថុជាច្រើនកំពុងដាក់លក់ក្នុងតម្លៃក្រោមទីផ្សារ។ ទន្ទឹមនឹងនេះ អ្នកជំនាញផ្នែកអចល នវត្ថុរូបនេះ មានសុទិដ្ឋិនិយមថា ទីផ្សារវិស័យអចលនទ្រព្យនៅកម្ពុជា នឹងងើបឡើងវិញ ក្នុងអំឡុងពេល ១២ខែ ទៅ ១៦ខែខាងមុខ៕

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *