Breaking News

បញ្ជូនខ្លួនជនសង្ស័យឈ្មោះ សុខ ប៊ូ ប្រធានផ្នែកទីផ្សារក្រុមហ៊ុនទឹកសុទ្ធប្រូវីដា ទៅតុលា

ភ្នំពេញ៖ កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថបានឃាត់ខ្លួនប្រធានផ្នែកទីផ្សារលក់ផលិតផលទឹកសុទ្ធរបស់ក្រុមហ៊ុនប្រូវីដា និងបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ពាក់ព័ន្ធពីបទរំលោភលើទំនុកចិត្ត “កិបកេងប្រាក់ក្រុមហ៊ុន”ប្រមាណ ២៥.០០០ដុល្លារអាមេរិក ។

ជនសង្ស័យឈ្មោះ សុខ ប៊ូ ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យត្រូវបានសមត្តកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ក្រុម ហ៊ុនទឹកសុទ្ធ ប្រូវីដា ដែលពាក្យបណ្តឹងនោះបានបញ្ជាក់ថា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣ ឈ្មោះ សុខ ប៊ូ បានទៅបម្រើការងារនៅក្រុមហ៊ុនដូនពេញ ត្រេឌីង ឯ.ក ដោយទទួលបានតួនាទីជាប្រធានផ្នែកលក់ទឹកសុទ្ធប្រូវីដាប្រចាំនៅតំបន់រាជធានីភ្នំពេញ និងបានប្រាក់ខែ ២.១០០ដុល្លារអាមេរិកក្នុង១ខែ ។

កន្លងមកជនសង្ស័យបានបំពេញការងារឱ្យក្រុមហ៊ុនមិនដែលមានបញ្ហាអ្វីទេ ទើបមកដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ស្រាប់តែក្រុមហ៊ុនត្រូវបាត់បង់ប្រាក់ចំណូល លុះពេលក្រុមហ៊ុនស្រាវជ្រាវទៅឃើញថា ឈ្មោះ សុខ ប៊ូ ប្រធានផ្នែកលក់ទឹកសុទ្ធនោះមានការកិបកេងប្រាក់មិនបានបង់ឱ្យ ក្រុមហ៊ុនគ្រប់ចំនួន ពោលគឺប្រាក់ដែលប្រមូលបានជនសង្ស័យទុកចាយវាយផ្ទាល់ខ្លួនខ្លះនិងបង់ឱ្យក្រុមហ៊ុនខ្លះ ដូច្ន្នេះបានជាក្រុមហ៊ុនត្រូវបាត់បង់ប្រាក់ចំណុលដល់ទៅជាង២ម៉ឺនដុល្លារអាមេរិក ។ ក្រោយពេលក្រុមហ៊ុនស្រាវជ្រាវដឹងថាបាត់ប្រាក់ចំណូល ក្រុមហ៊ុនបានហៅជនសង្ស័យឱ្យទទួលខុសត្រូវនិងសងក្រុមហ៊ុនវិញ តែដោយសារប្រាក់ទាំងនោះត្រូវបានចាយវាយរបូតពីដៃអស់ទៅហើយ ទើបជនសង្ស័យព្រមទទួលស្គាល់ការណ៍ពិត និងព្រមទទួលការអនុវត្តទោសទៅតាមច្បាប់ជាធរមាន ព្រោះមកដល់ដំណាក់កាលនេះ បើទោះបីជនសង្ស័យសុខចិត្តធ្វើកិច្ចសន្យាសងក៏មិនអាចទៅរកប្រាក់ពីណាបានរាប់ពាន់រាប់ម៉ឺនដុល្លារ មកសងដើមបណ្តឹងវិញនោះដែរ ដូច្នេះមានតែបណ្តោយខ្លួនតាមយថាកម្មទៅចុះ ៕

Check Also

បុរស់ម្នាក់ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនពីបទរំលោភសេពសន្ទវៈ

Leave a Reply

Your email address will not be published. Required fields are marked *