Breaking News

វត្តុបុរាណជាច្រើនប្រភេទត្រូវបាន វិទ្យាស្ថានសាលាបារាំងចុងបូព៌ា ប្រគល់ជូនអាជ្ញាធរជាតិអប្សរា

សៀមរាប៖ វត្ថុបុរាណចំនួន៣១កេស បដិមាព្រះពុទ្ធចំនួន០១ និងបំណែកសន្លឹកសីមាចំនួន០១ ត្រូវបានវិទ្យាស្ថានបារាំងចុងបូព៌ា ធ្វើការប្រគល់ជូនជូនអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ។

លោក ទិន ទីណា ជាអនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានឱ្យដឹងថា វត្ថុបុរាណទាំងអស់ដែលវិទ្យាស្ថានសាលាបារាំងចុងបូព៌ា (EFEO) ប្រគល់មកអាជ្ញាធរជាតិអប្សរា បានរកឃើញដោយការធ្វើកំណាយនៅតាមការដ្ឋានស្រាវជ្រាវមួយចំនួននៅក្នុងរមណីយដ្ឋានអង្គរ ដូចជា គោកតាសៀម បឹងដូនប៉ា ប្រាសាទអ៊ុងម៉ុង ប្រាសាទបាភួន និងប្រាសាទព្រៃមន្ទីរ។ លោកបានបញ្ជាក់ទៀតថា វត្ថុទាំងនេះរួមមាន ទី១ កុលាលភាជន៍មកពីប្រាសាទបាភួនចំនួន២៧កេស ដែលក្នុងនោះ មានប្រភេទកុលាលភាជន៍រឹង កុលាលភាជន៍ផុយជារបស់ខ្មែរ និងកុលាលភាជន៍ចិន ថៃ វៀតណាមជាដើម។ ទី២ ថ្មភក់ចំនួន២កេស ដែលមកពីគោកតាសៀម។ ទី៣ បំណែកថ្មភក់មានក្បាច់លម្អខ្លះៗចំនួន២កេស មកពីបឹងដូនប៉ា និងគោកតាសៀម ព្រមទាំងប្រាសាទអ៊ុងម៉ុង។ ទី៤ បដិមាព្រះពុទ្ធចំនួន០១ មកពីប្រាសាទអ៊ុងម៉ុង និងបំណែកសន្លឹកសីមាចំនួន០១ មកពីប្រាសាទព្រៃមន្ទីរ។

លោក ទិន ទីណា បន្តឱ្យដឹងទៀតថា ក្រោយពីទទួលបានវត្ថុទាំងអស់នេះ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរានឹងរៀបចំទុកដាក់អភិរក្សតាមលក្ខណៈបច្ចេកទេស ហើយនៅថ្ងៃខាងនេះ អាជ្ញាធរជាតិនឹងរៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍នៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីតាំងបង្ហាញឱ្យសាធារណជនជាតិ និងអន្តរជាតិបានទស្សនា សិក្សាស្វែងយល់ពីវត្ថុសិល្បៈខ្មែរ។

សូមរំឭកដែរថា នេះជាលើកទី៣ហើយ ដែលវិទ្យាស្ថានសាលាបារាំងចុងបូព៌ា ​បានប្រគល់បុរាណវត្ថុដែលបានមកពីកំណាយនៅតាមការដ្ឋានស្រាវជ្រាវ និងការដ្ឋានជួសជុលប្រាសាទមួយចំនួននៅក្នុងរមណីយដ្ឋានអង្គរមកដល់អាជ្ញាធរជាតិអប្សរា៕

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *