(ភ្នំពេញ)៖ អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ មួយកន្លែង បណ្តាលឲ្យឆេះខូចខាតបន្ទប់ជាន់ឡៅតឿ និងសម្ភារៈប្រេីប្រាស់អស់មួយចំនួន ក្នុងនោះមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីង។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចផ្ទះលេខ២៤៨ ផ្លូវបេតុង លេខ១០៣ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៧គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៧គ្រឿង ប្រើប្រាស់ទឹកអស់០៥ឡាន ស្មេីរនឹង ២០ម៉ែត្រគូប និងរថយន្តជំនួយមកពីសាលាខណ្ឌឬស្សីកែវ ចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់០១ឡាន ស្មេីរនឹង ០៤ម៉ែត្រគូប។
សមត្ថកិច្ច បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ថ្មបេតុង ទំហំ (៥ម៉ែត្រ គុណ ២០ម៉ែត្រ) បានឆេះខូចខាតបន្ទប់ជាន់ឡៅតឿចំនួន០១បន្ទប់ និងសម្ភារៈប្រេីប្រាស់ប្រចាំថ្ងៃអស់មួយចំនួន នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។
ចំពោះករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់ធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃខែឆ្នាំដដែល ក្នុងនោះមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីយ។ រឺឯមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕