ភ្នំពេញ ៖ បុរសម្នាក់ បានដាច់ចិត្តសម្លាប់ប្រពន្ធ ដោយសារខឹងប្រពន្ធជេរម៉ែ ដេកយោលអង្រឹង រអ៊ូរទាំមិនបាត់ កាលពីវេលា ម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២១ នៅចំណុចរោងរបស់កម្មករ បុរីភ្នំពេញផាក ស្ថិតនៅ តាមផ្លូវជាតិលេខ៦ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ។
ជនដៃដល់មានឈ្មោះ ញឹម ពិសិដ្ឋ អាយុ៣៥ឆ្នាំ ជាកម្មករ សំណង់ ស្នាក់នៅរោងកម្មករ ចំណែកជនរងគ្រោះ ជាប្រពន្ធមានឈ្មោះ វែង នី អាយុ៣៥ឆ្នាំ មុខរបរលក់អីវ៉ាន់ចាប់ហួយ ស្នាក់នៅជាមួយគ្នា ចំណុចកើតហេតុខាងលើ បានបាត់បង់ ដោយត្រូវជាច្រើនកាំបិត ត្រូវចំផ្ទៃមុខ ស្មានិងដើមដៃ ។
តាមនគរបាលបានឱ្យដឹងថា ជនដៃដល់ បានប្រើកាំបិតប៉័ងតោ កាប់ទៅលើប្រពន្ធ កំពុងតែដេកលើអង្រឹងដោយសារ មានទំនាស់គ្នាក្នុងគ្រួសារ ។ អ្នកជិតខាងនិយាយថា មុនពេលកើតហេតុ ពីរនាក់ប្ដីប្រពន្ធមានទំនាស់គ្នាខ្លាំង ហើយគេឃើញ ស្រ្តីរងគ្រោះ ដេកយោលអង្រឹង ជេរម៉ែបុរសជាប្តី ដដែលៗ និងរអ៊ូរទាំបណ្ដើរ ។ ពេលនោះ ស្រាប់តែប្ដីយកកាំបិតមកកាប់ប្រពន្ធតែម្ដង ។
ភ្លាមៗស្រ្តីរងគ្រោះ ត្រូវបានគេយកទៅ សង្គ្រោះនៅមន្ទីរពេទ្យដែរ តែផុតដង្ហើមទៅហើយ រីឯជនដៃដល់ជាប្ដី ដើរទៅឱ្យសន្តិសុខចាប់ខ្លួន បញ្ជូនទៅសមត្ថកិច្ច ចាត់ការតាមនីតិវិធី ៕