Breaking News

អភិបាលរងខេត្ត​បំផុសស្មារតីឱ្យពលរដ្ឋចេះស្រឡាញ់ព្រៃឈេី​ និងចូលរួមដាំបន្ថែមឡេីងវិញ​

ប៉ៃលិន៖​ លោក​អភិបាលរងខេត្តប៉ៃលិន​ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមថែរក្សានិងដាំដើមឈើឡើងវិញ ឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់បញ្ហា នៃការប្រែប្រួលអាកាសធាតុ និងចូលរួមថែរក្សាធនធានធម្មជាតិ ដែលមានស្រាប់ ឲ្យបានគង់វង្សយូរអង្វែង តកូនចៅជំនាន់ក្រោយ។ ព្រោះព្រៃឈើមិនគ្រាន់តែមានតម្លៃខាងសេដ្ឋកិច្ច និងសង្គមជាតិតែប៉ុណ្ណោះទេ ថែមទាំងបានជួយថែរក្សាលំនឹងបរិស្ថាន ធម្មជាតិ ធ្វើឲ្យធាតុអាកាសល្អប្រសើរឡើង រក្សានិយ័តភាព ប្រភពទឹកការពារជម្រាល និង ការពារជីវៈចម្រុះ។

លោកបន្តថាថ្ងៃទី៩ ខែកក្កដា ត្រូវបានបង្កើតឡើង ជាទិវាពលកម្មដាំដើមដើមឈើហៅថា “រុក្ខទិវា” គឺសំដៅបំផុសស្មារតី ឲ្យពលរដ្ឋចេះស្រឡាញ់ព្រៃឈើ លើកកម្ពស់ស្មារតី ថែរក្សាការពារព្រៃឈើ ដែលមានស្រាប់និងចូលរួមដាំបន្ថែមឡើងវិញ។

ការថ្លែងបែបនេះរបស់លោក រស់​ នឿន​ អភិបាលរងខេត្តប៉ៃលិន​ គឺបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣​ ខែសីហា​ ឆ្នាំ២០២៣ ក្នុងពិធីប្រារព្ធបុណ្យ “រុក្ខទិវា ” ៩កក្កដាឆ្នាំ២០២៣ ក្នុងបរិវេណ វត្តគិរីសាលវ័ន្ត​ ហៅវត្តក្រចាប់​ ស្ថិតក្នុងភូមិព្រៃមង្គល​ សង្កាត់អូរតាវ៉ៅ​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​ ដែលមានការចូលរួមពី អស់លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត រួមទាំងសិស្សានុសិស្ស ប្រមាណជាង ៥០០នាក់។

នៅក្នុងឱកាសនោះលោកបានលើកឡើងថា ពិធីបុណ្យ “រុក្ខទិវា” ជាប្រពៃណីដ៏ល្អរបស់ប្រជាជាតិកម្ពុជា បានរៀបចំប្រារព្ធធ្វើឡើងរាល់ឆ្នាំ តាំងពីសម័យសង្គមរាស្ត្រនិយមក្រោម ព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតជារៀងរហូតមក ហើយតាមរយៈពិធីបុណ្យរុក្ខទិវា​ ដែលបានប្រារព្ធធ្វើឡើង ប្រជាជាតិកម្ពុជាបានយល់ច្បាស់​ និងកាន់តែស៊ីជម្រៅបន្ថែមទៀត អំពីការលើកកម្ពស់ការដាំដើមឈើ និងការថែរក្សានិរន្តរភាពព្រៃឈើ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះទៀតដែរ លោកបានមានប្រសាសន៍ថា ដើម្បីរក្សាបាននូវនិរន្តរភាពនៃព្រៃឈើ​ និងធនធានធម្មជាតិដែលមានស្រាប់ ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវតែចូលរួមឲ្យបានច្រើនកុះករ ក្នុងការថែរក្សា ធនធានធម្មជាតិ​ និងដាំបន្ថែម​ ក្នុងម្នាក់យ៉ាងតិចឲ្យបានមួយដើម ដើម្បីទុកសម្រាប់កូនចៅជំនាន់ក្រោយៗ។

លោកសាយ​ សុផាត​ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានឲ្យដឹងថា នៅក្នុងពិធីបុណ្យរុក្ខទិវានេះលោក បានដឹកនាំមន្ត្រី​មន្ទីរកសិកម្ម​ ជាពិសេសខណ្ឌរដ្ឋបាលព្រៃឈើ បាននាំយកកូនឈើចម្រុះប្រមាណជាង ១.៥០០ ដើម ដើម្បីចែកជូនតាមមន្ទីរអង្គភាព​ ព្រះសង្ឃ​ លោកគ្រូអ្នកគ្រូ​ កងកម្លាំងទាំងបីប្រភេទ និងពលរដ្ឋដាំនៅបរិវេណវត្តគិរីសាលវ័ន្ត​ ហៅវត្តក្រចាប់ និងដាំតាមដងផ្លូវសាធារណៈ ក្នុងក្រុងប៉ៃលិន៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *